(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយ តារាសម្តែង សារ៉ាយ សក្ខណា បន្ទាប់ពីរៀបការជាមួយស្វាមីជាអនិកជនរួចមក គេសង្កេតឃើញថា នាងរស់នៅសហរដ្ឋអាមេរិក ប្រកបដោយសុភមង្គល។ ពេលនេះ សារ៉ាយ សក្ខណាបានសម្រេចបំណងធំមួយហើយ ដោយទទួលបានសមាជិកថ្មី សម្រាលបានកូនប្រុសសមតាមក្តីប្រាថ្នារបស់នាង និងស្វាមី។

ជាការកត់សម្គាល់ បន្ទាប់ពីមានកូនស្រីម្នាក់រួចមក សារ៉ាយ សក្ខណា និងស្វាមី មានសេចក្តីប្រាថ្នាចង់បានកូនប្រុសម្នាក់ទៀត ព្រោះតាមរយៈបណ្តាញសង្គមនាងនិងស្វាមី តែងតែបង្ហាញបំណងរបស់ខ្លួនថា ចង់បានកូនប្រុសជាខ្លាំង។ តែយ៉ាងណា ក្តីរំពឹងរបស់នាង និងស្វាមី ទទួលបានសម្រេចហើយ ក្រោយសម្រាលបានកូនប្រុសម្នាក់។

ជាមួយនឹងដំណឹងនេះ អ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើនបានចូលរួមអបអរសាទរគ្រប់ៗគ្នា ជាពិសេសជូនពរឲ្យ សារ៉ាយ សក្ខណា និងបុត្រាដែលទើបនឹងសម្រាលទទួលបានសុខភាពល្អផងដែរ៕