(ចិន)៖ រដ្ឋបាលគយត្រួតពិនិត្យរបស់ប្រទេសចិន បានបង្ហាញឲ្យឃើញពីប្រតិបត្ដិការរត់ពន្ធសត្វព្រៃដ៏ធំមួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដែលក្នុងនោះមនុស្សចំនួន ១២នាក់ ត្រូវបានគេសង្ស័យពីការរត់ពន្ធផលិតផល ដែលទាក់ទងទៅនឹងជីវិតសត្វតុកែ។ នេះបើយោងតាម​ប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ផ្សាយថ្មីៗនេះ។

អាជ្ញាធរក៏បានធ្វើការចាប់ហាមឃាត់នូវផលិតផលសត្វព្រៃជាង ២០តោនឯណោះ ពីព្រោះអ្នកជំនាញយល់ថា ពពួកសត្វព្រៃអាចជាប្រភពដើម​នៃការផ្ទុះឡើងនៃវីរុសជម្ងឺកូរ៉ូណា។ ប្រធានាធិបតីលោកស៊ីជីងពីង ក៏បានធ្វើការអំពាវនាវជុំវិញករណីការបង្ក្រាប នូវការជួញដូរប្រភេទសត្វព្រៃខុសច្បាប់អស់ទាំងនេះ ព្រមទាំងសំណូមពរឲ្យមានការលុបបំបាត់នូវទម្លាប់ ចំពោះការបរិភោគសត្វព្រៃជាអាហារ។

រដ្ឋបាលគយត្រួតពិនិត្យនៃប្រទេសចិនក្នុងឆ្នាំ២០១៩ ក៏បានបង្ហាញឲ្យឃើញពីចំនួនតួលេខចំពោះការរត់ពន្ធជីវិតសត្វព្រៃ ដែលត្រូវបានប្រទះរកឃើញរហូតដល់ ៤៧០ករណីឯណោះ ដែលក្នុងនោះផលិតផលនានា ត្រូវបានអជ្ញាធររឹបអូសឃាត់ទុកប្រមាណជា ១២៤០តោន ដែលអត្រានេះកើនឡើងជិត ៨ដងឯណោះ បើធៀបនឹងឆ្នាំមុនៗ៕