(ភ្នំពេញ)៖ សម្រាប់ថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានប្រកួតស្មើជាមួយក្រុមជើងឯកលីគកំពូលឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀងជាមួយនឹងលទ្ធផល ០-០ នៅកីឡដ្ឋាន RSN។

ជាមួយគ្នានោះ កីឡាករចាំទី អ៊ុំ វិចិត្រ បានលើកឡើងដែរថា «ខ្ញុំឃើញមិត្តរួមក្រុមទាំងអស់សហការគ្នាបានល្អណាស់ គ្រប់តំបន់ គឺយើងធ្វើការងារជាក្រុម។ ខ្ញុំពិតជាអរគុណដល់ពួកគាត់ខ្លាំងណាស់។ អារម្មណ៍របស់ពួកយើងនៅពេលនេះ កាន់តែល្អជាងមុនហើយ យើងកាន់តែមានភាពជឿជាក់​សម្រាប់ការប្រកួតជាបន្តបន្ទាប់ទៀត បើទោះបីជាការប្រកួតបន្ទាប់ យើងប៉ះសុទ្ធតែក្រុមខ្លាំងៗក៏ដោយ»

ឆ្លងកាត់ការប្រកួត៤លើកមកនេះក្នុងលីគ ឆ្នាំ២០២០ មិនមានក្រុមណាទាត់បញ្ចូលទីភ្នំពេញក្រោននៅឡើយទេ ក្រោយចប់ការប្រកួតអ្នកចាំទីចាស់វស្សា អ៊ុំ វិចិត្រ បានសម្តែងអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ពួកយើងពិតជាសប្បាយចិត្តសម្រាប់លទ្ធផលថ្ងៃនេះ បើទោះបីជាយើងមិនឈ្នះក្រុមស្វាយរៀងក៏ពិតមែន។ វាដូចអ្វីដែលក្រុមការងារបានលើកឡើងអញ្ចឹង នៅពេលដែលយើងលេងក្នុងដីគឺយើងត្រូវតែព្យាយាមយក ៣ពិន្ទុ សម្រាប់ថ្ងៃនេះក្រុមរបស់យើងមានឱកាសច្រើនដែរ ប៉ុន្តែយើងមិនមានសំណាង»

អ្វីដែលសំខាន់ផងនោះ ការរក្សាសំណាញ់ទីមិនឲ្យគូប្រកួតទាត់ចូលនោះរូបគេបាននិយាយថា «ការរារាំងមិនឲ្យគេទាត់បញ្ចូលទីគឺជាអ្វីដែលអ្នកចាំទីគ្រប់រូបចង់បាន ដូច្នេះខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យបានល្អ ដើម្បីការពារសំណាញ់ទីដើម្បីអ្នកគាំទ្រ និងក្រុមរបស់យើង។ យើងមានក្តីបារម្ភបន្តិចបន្ទួចដែរ សម្រាប់ការប្រកួតក្រោយៗនេះ តែបើមើលលើសមត្ថភាពក្រុមរបស់ពួកយើងគឺពួកយើងក៏មិនធម្មតាដែរ ដូច្នេះយើងត្រូវតែហ៊ានប្រកួតជាមួយពួកគេ»

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួត៤កន្លងមក ភ្នំពេញក្រោន ទទួលបាន ១០ពិន្ទុ ដោយឈ្នះ ៣ប្រកួត និងស្មើ១ប្រកួត និងឈរនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន៕