(ភ្នំពេញ)៖ ពានពាក់កណ្ដាលអាជីពដ៏ធំ KW Cambodia League លើកទី៩ ឆ្នាំ២០២០ បានបង្កើនភាពទាក់ទាញកាន់តែខ្លាំង ក្រោយដំណើរការប្រកួតសន្សំពិន្ទុបាន ៤សប្ដាហ៍ ខណៈមានក្រុមខ្លាំងចំនួន៤ នៅមិនទាន់ស្គាល់ចាញ់ឡើយរួមមានក្រុម Avatar, TN Kandal, Khmer United-A និងក្រុម Sniper FC។

កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុម Avatar បានយកឈ្នះក្រុម Khmer United B ក្នុងលទ្ធផល ១៨-០ ខណៈក្រុម TN Kandal បានយកឈ្នះក្រុមពួកម៉ាក់យូណាយធីត ១១-០ នៅទីលាន KHM Park។ ជ័យជម្នះដ៏ជោគជាំនេះ បានធ្វើឲ្យក្រុមទាំងពីរ បន្ដឈរកំពូលតារាង ដោយមាន ១២ពិន្ទុស្មើគ្នា ក្រោយឈ្នះ ៤ប្រកួតដូចគ្នា។

ចំណែកក្រុម Khmer United A បានយកឈ្នះតាំងគោក ដោយលទ្ធផល ៩-១ ស្របពេលក្រុមចំណូលថ្មី Sniper FC បានយកឈ្នះក្រុម Mambo Phnom Penh ដោយលទ្ធផល ៥-២។ ការដណ្ដើមបាន ៣ពិន្ទុពេញនេះ បានធ្វើឲ្យក្រុមទាំងពីរបន្ដចាញ់ប្រៀបក្រុមកំពូលតារាង ២ពិន្ទុ ពោលគឺមាន ១០ពិន្ទុស្មើគ្នា ឈរលេខ៣ និងលេខ៤ ជាមួយលទ្ធផល ៤ប្រកួត ឈ្នះ៣ និងស្មើ១។

ក្រឡេកមកចាប់អារម្មណ៍ក្រុមចំណូលថ្មីមហាហង្សអលស្ដារវិញ បានស្គាល់ចាញ់លើកដំបូង ក្រោមថ្វីជើងក្រុម Riel Phnom Penh ដោយលទ្ធផល ២-១ ដែលនាំឲ្យមហាហង្សធ្លាក់ទៅឈរលេខ៧ និងមាន ៧ពិន្ទុ ស្របពេល Riel Phnom Penh មាន ៩ពិន្ទុឈរលេខ៦ ស្មើក្រុម ISI Dangkor Sen Chey បន្ទាប់ពីក្រុមការពារតំណែងជើងឯកនេះបានយកឈ្នះក្រុម Bayon Wanderers ៣-២។

អ្វីដែលរឹតតែជក់ចិត្ត គឺកម្មវិធីប្រកួតពាន KW Cambodia League សប្ដាហ៍ទី៥ សុទ្ធតែជាជំនួបក្រុមខ្លាំង ប៉ះខ្លាំង ដូចជាថ្ងៃទី១៤-មីនា ក្រុម Khmer United A ប៉ះក្រុម ISI Dangkor Sen Chey, ក្រុម Riel Phnom Penh ប៉ះក្រុម Sniper និងក្រុមមហាហង្ស ជួបក្រុមយុវជនវត្តវ៉ារិន ដែលត្រូវប្ដូរទៅប្រកួតនៅកីឡដ្ឋានវេស្ទើន និងក្រុម Avatar ប៉ះក្រុម TN Kandal ប្រជែងកៅអីកំពូលតារាងនាថ្ងៃអាទិត្យ ទី០៥ ខែមីនានៅទីលាន KMH Park ជាដើម៕