(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដាក់ចេញនូវផែនការ ៥ចំណុច សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ រាជធានី-ខេត្តទូទាំងប្រទេស ចូលរួមទ្រទ្រង់ចលនាកីឡាត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការដាក់ផែនការនេះបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ CAMSOC ដែលធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ព្រមទាំងអនុប្រធានអចិន្ដ្រៃយ៍លោកបណ្ឌិត ថោង ខុន និងមានការចូលរួមពីសមាជិកគណៈកម្មាធិការប្រតិបត្តិ ភាគីពាក់ព័ន្ធ និងតំណាងរាជធានី-ខេត្ត នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

ផែនការខាងលើ ទី១-ផ្សព្វផ្សាយ និងបញ្ជៀបចំណេះដឹងពីកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ ទី២-រៀបចំផ្លាស់ប្ដូរឥរិយាបថប្រជាជនក្នុងមូលដ្ឋានលើភាពស្អាត និងបៃតង និងកាត់បន្ថយភាពអសកម្មក្នុងសង្គម។ ទី៣-រៀបចំអប់រំប្រជាជនឲ្យស្គាល់តម្លៃនៃការធ្វើសកម្មភាពអប់រំ និងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ ទី៤-រៀបចំរូបសំណាក ឬផ្ទាំងផ្សព្វផ្សាយរៀបចំព្រឹត្តិការណ៍កីឡាមហាជន កម្មវិធីកីឡា កម្មវិធីសិល្បៈវប្បធម៌ អំឡុងពេលស៊ីហ្គេម ឆ្នាំ២០២៣ និងទី៥-សហការ និងជួយរៀបចំសកម្មភាពរបស់គណៈកម្មាធិការជាតិ SEA Games នៅរាជធានី-ខេត្ត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ផែនការនេះនឹងត្រូវដាក់ចេញសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ ពិសេសរាជធានី-ខេត្តទាំងអស់ត្រូវចូលរួមអនុវត្ត ហើយណែនាំឲ្យប្រជាពលរដ្ឋស្គាល់នូវកាតព្វកិច្ចរបស់ខ្លួន ហើយលុបបំបាត់រូបភាពអវិជ្ជមានក្នុងសង្គមជាតិ និងកសាងកេរ្ដិ៍ឈ្មោះកម្ពុជាឲ្យបណ្ដាប្រទេសចូលរួមប្រកួតស៊ីហ្គេមមានភាពកក់ក្ដៅ និងកោតសរសើរដល់ការធ្វើម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា។ អ្វីដែលពិសេស គឺការបំផុសកម្មភាពកីឡាផ្សាភ្ជាប់ជាមួយការផ្សព្វផ្សាយកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម នៅគ្រប់ទីកន្លែងតាមរាជធានី-ខេត្ត មន្ទីរ ស្រុក ឃុំ និងភូមិជាដើម។

ឆ្លៀតឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការកោតសរសើរ ចំពោះវឌ្ឍនភាពការងាររបស់ CAMSOC ក្នុងឆ្នាំ២០១៩ និងការដាក់ចេញនូវផែនការការងារថ្មីៗសម្រាប់អនុវត្តបន្ដក្នុងឆ្នាំ២០២០ ដែលជាជំហានមួយដ៏សំខាន់ ពិសេសផែនការសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ រាជធានី-ខេត្តទូទាំងប្រទេស ដែលសុទ្ធតែមានភារកិច្ចដូចគ្នា ដើម្បីពួតដៃឆ្ពោះទៅរកភាពជោគជ័យ ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣៕