(ប៉ារីស)៖ បញ្ហារាតត្បាតនៃជំងឺ Covid-19 នៅទ្វីបអឺរ៉ុប បានបង្ខំឲ្យការប្រកួតរវាងគូជក់ចិត្ត Paris Saint-Germain ប៉ះ Borussia Dortmund លេងបិទទ្វារនារាត្រីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League។

ការប្រកួតនៅកីឡដ្ឋាន Parc des Princes ដែលអាចផ្ទុកអ្នកទស្សនាបាន ៤៨០០០នាក់នោះ នឹងមិនត្រូវបានអនុញ្ញាតអោយមានអ្នកទស្សនាផ្ទាល់នោះទេ ក្រៅពីក្រុមការងារនៃក្លិបទាំងពីរនាពាក់កណ្តាលសប្តាហ៍នេះនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយសារនៅប្រទេសអឺរ៉ុបមួយក៏ទទួលរងវីរុស Covid-19 ខ្លាំងក្លាដែរ បន្ទាប់ពីអុីតាលី។

ក្រុមជើងឯកបារាំង PSG បានរងបរាជ័យ ២-១ កាលពីជើងទី១ វគ្គ ១៦ក្រុមនៅទឹកដីអាល្លឹម៉ង់ ក្រោមថ្វីជើងរបស់ Borussia Dortmund ដែលទាមទារឲ្យក្រុមរបស់លោក Thomas Tuchel ត្រូវការឈ្នះតែ ១-០ ប៉ុណ្ណោះ ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយនៃ UCL។

ថ្នាក់ដឹកនាំនៃក្លិប PSG ក៏បានបញ្ជាក់ថា «ការប្រកួតបិទទ្វារកីឡដ្ឋាននេះ គឺដើម្បីរក្សាការពារនៃ Covid-19 និងដើម្បីធានាដល់កីឡាករដទៃទៀតដែរនៅក្នុងទីលាន»

បារាំង ជាប្រទេសទី៥ ដែលរកឃើញ Covid -19 កើនដល់ ១១១៦ករណីច្រើនជាងគេ បន្ទាប់ពីប្រទេសចិន កូរ៉េខាងត្បូង អុីតាលី និងអុីរ៉ង់៕