(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កញ្ជ្រោងខៀវ Leicester City រកបាន ៣ពិន្ទុបន្ថែមក្នុងក្របខណ្ឌលីគអង់គ្លេស Premier League ក្នុងតំណែងលេខ៣ បណ្តោះអាសន្នវិញ ក្រោយយកឈ្នះក្រុមភ្ញៀវ Aston Villa ក្នុងលទ្ធផល ៤-០ នៃសប្តាហ៍ទី២៩ ជើងទី២ ជាការរកបាន ២គ្រាប់ម្នាក់ឯងដោយខ្សែប្រយុទ្ធ Jamie Vardy និងមិត្តរួមក្រុម Barnes នារាត្រីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ ក្នុងកីឡដ្ឋាន King Power។

ការប្រកួតជើងទី២ ក្រុមកញ្រ្ជោងខៀវ Leicester City អាចរកបាន ៤គ្រាប់ បន្ទាប់ពីការព្យាយាមធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Barnes នៅនាទី៤០ និងនាទី៨៥ ខណៈខ្សែប្រយុទ្ធ Jamie Vardy រកបាននៅនាទី៦៣ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ និងបន្ថែម ១គ្រាប់ទៀតនៅនាទី៧៩ បន្ទាប់ពីខកខានរកបានគ្រាប់បាល់គិតចាប់តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ មក តែកីឡាករអង់គ្លេស នៅតែបន្តឈរនៅតារាង Top scorer ដដែលនៅ PL ជាមួយ ១៩គ្រាប់។

នេះក៏ជាការរកបានជ័យជម្នះច្រើនគ្រាប់ទៅលើក្រុម Aston Villa ក្នុងរដូវកាលនេះដោយសរុបទាំងពីរជើងមានដល់ទៅ ៨គ្រាប់ ជាមួយជើងទី១ បញ្ចប់ដោយលទ្ធផល ៤-១។

គិតត្រឹមលទ្ធផលនេះ បានធ្វើឲ្យ Leicester City រកបាន ៥៣ពិន្ទុឈរនៅលេខរៀងទី៣ និង Aston Villa មានតែ ២៥ពិន្ទុឈរនៅលេខរៀងទី១៩ ក្នុងតំបន់កាត់ចេញពីលីគកំពូល Premier League ខណៈការប្រកួតនៅសល់តែ ៩ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់៕