(ខាឌីស)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Aaron Ramsey នៃក្លឹបសេះបង្កង់ Juventus នឹងខកខានជួយក្រុមជម្រើសជាតិ វ៉េលប៉ះអូទ្រីស និងសហរដ្ឋអាមេរិកក្នុងមិត្តភាពអន្តរជាតិនាខែនេះ ដោយសារការរីករាលខ្លាំងនៃ Covid-19 នៅប្រទេសអ៊ីតាលី។

បុរសដែលមានវ័យ២៩ឆ្នាំ ដែលកំពុងស្ថិតនៅប្រទេសអុីតាលីនោះ ទំនងជាមិនត្រូវអ្នកចាត់ការទូទៅវ៉េល លោក Ryan Giggs កោះហៅនោះទេ តែប្រសិនបើកោះហៅ ក៏ត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេចំនួន ១៤ថ្ងៃផងដែរ ដើម្បីបញ្ចៀស ក៏ដូចជាការបារម្ភអំពី Covid-19 ថែមទៀតផង។

មួយវិញទៀត សហព័ន្ធបាល់ទាត់នៃប្រទេសវ៉េល ក៏អនុលោមទៅតាមសេចក្តីសម្រេចនៃប្រទេសអុីតាលី ថាតើអនុញ្ញាតឲ្យ Ramsey ហោះចេញពីប្រទេសអុីតាលី ឬយ៉ាងណា?

Ramsey ជាកីឡាករសំខាន់ ១រូបនៃក្រុមជម្រើសជាតិវ៉េល បន្ទាប់ពី Gareth Bale ដែលត្រៀមប៉ះក្រុមជម្រើសជាតិអូទ្រីសក្នុងមិត្តភាពអន្តរជាតិនាថ្ងៃទី២៧ ខែមីនា នៅកីឡដ្ឋាន Liberty មុន៣ថ្ងៃបន្ទាប់ត្រូវប៉ះសហរដ្ឋអាមេរិក នៅកីឡដ្ឋាន Cardiff City ក្នុងមិត្តភាពដូចគ្នា៕