(បរទេស)៖ ជាជោគជ័យមួយផ្សេងទៀតរបស់រឿង «Parasite» ដែលក្លាយជាខ្សែភាពយន្តកូរ៉េធំបំផុត និងជោគជ័យខ្លាំង សម្រាប់គម្រោងប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេលដ៏យូរ។ បន្ទាប់ពីបំបែកកំណត់ត្រា ឈ្នះពានរង្វាន់ក្នុងកម្មវិធី Oscars រហូតដល់ទៅ៤, ភាពយន្តនេះទទួលជោគជ័យមួយបន្តទៀត គឺរកប្រាក់ចំណូលបានច្រើនបំផុត ក្នុងប្រទេសជប៉ុន។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Koreaboo នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែមីនាកន្លងទៅ សារព័ត៌មានកូរ៉េខាងត្បូង CJ ENM បានចុះផ្សាយថា ការលក់ភាពយន្ត «Parasite» នៅជប៉ុន បានកើនឡើងរហូតដល់ទៅ ៤លានយ៉េន ឬប្រមាណ ៣៩.៦ លានដុល្លារអាមេរិក។ បើប្រៀបធៀបខ្សែភាពយន្តកន្លងទៅ ដែលបានបំបែកកំណត់ត្រា គឺរឿង «A Moment to Remember» របស់កូរ៉េខាងត្បូង ដែលបញ្ចាំងកាលពីឆ្នាំ២០០៥ រកចំណូលបានប្រមាណតែ ២៩.៤លានដុល្លារអាមេរិក។

បើគេនៅចាំមិនភ្លេច នៅពេលដែលរឿង «Parasite» ត្រូវបានចាក់បញ្ចាំងលើកដំបូងនៅជប៉ុន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វាស្ថិតនៅចំណាត់ថ្នាក់លេខ៥។ បន្ទាប់ពីបានឈ្នះពានរង្វាន់ជាបន្តបន្ទាប់ ភាពយន្តនេះបានឈរនៅចំណាត់ថ្នាក់លេខ៣ ហើយរហូតមកទល់នឹងបច្ចុប្បន្នគឺ ឈរនៅលំដាប់កំពូលតែម្តង។

គួរជម្រាបថា បន្ទាប់ពីជោគជ័យខ្លាំងនៅជប៉ុន រឿង «Parasite» ក៏បានក្លាយជាភាពយន្តបរទេស ដែលជោគជ័យខ្លាំងនៅអង់គ្លេសផងដែរ ដែលរកបានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ១៤.៥ លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននៅអង់គ្លេសកាលពីថ្ងៃទី០៧ ខែកុម្ភៈ និងបច្ចុប្បន្ន។ នៅអាមេរិកខាងត្បូងវិញ ភាពយន្តនេះឈរនៅចំណាត់ថ្នាក់លេខ៤ ក្លាយជាភាពយន្តបរទេសដ៏មានប្រជាប្រិយភាពបំផុត រកប្រាក់ចំណូលបានប្រមាណ ៥២.៨លានដុល្លារអាមេរិក។ សរុបទូទាំងពិភពលោក ភាពយន្តមួយនេះ បានប្រាក់ចំណូលបានរហូតដល់ទៅប្រមាណ ២៥៧.៣ លានដុល្លារអាមេរិក ដែលនេះជាជោគជ័យដ៏ធំធេងមួយនៃខ្សែភាពយន្តរបស់កូរ៉េខាងត្បូង៕