(កាលីហ្វ័រញ៉ា)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ការប្រកួតកីឡាវាយកូនបាល់ (Tennis) ក្នុងព្រឹត្តិការណ៍ Indian Wells ត្រូវបានលុបចោលដោយសារខ្លាចការរីករាលដាលនៃវីរុស COVID-19 ដែលការប្រកួតនេះ បានចែកចេញជាពីរកម្រិតរួមមាន ATP និង WTA គ្រោងធ្វើឡើងនៅចុងសប្តាហ៍នេះតែម្តង។

តាមការឲ្យដឹងពីប្រធានគ្រប់គ្រងរៀបចំកម្មវិធីប្រកួត លោក Tommy Haas បានលើកឡើងថា សម្រាប់កាលបរិច្ឆេទប្រកួតមួយផ្សេងទៀត ក៏នឹងប្រកាសធ្វើការប្រកួតនៅពេលណាមួយខាងមុខ ខណៈក្រុមកីឡាករលំដាប់ពិភពលោកក៏បានមកដល់រដ្ឋកាលីហ្វ័ញ៉ារួចទៅហើយ រួមទាំងកីឡាករលំដាប់ទី២ ពិភពលោក សញ្ជាតិអេស្ប៉ាញ Rafael Nadal ក៏បានត្រៀមរួចរាល់សម្រាប់ព្រឹត្តិការណ៍ Indian Wells ឆ្នាំនេះដែរ។

ព្រឹត្តិការណ៍ដែលតែងតែមានអ្នកគាំទ្រមិនតិចជាង ៤សែននាក់ទស្សនាជារៀងរាល់ឆ្នាំនេះ ក៏ត្រូវបានលុបចោល ក្រោយពេលរកឃើញ ១ករណីត្រូវបានកើតឡើងនៅតំបន់ Coachella Valley ដោយក្រសួងសុខាភិបាលបានប្រកាសការពារសម្រាប់សុខភាពសារធារណៈនៅសហរដ្ឋអាមេរិកមួយនេះ៕