(ភ្នំពេញ)៖ លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោនបានលើកឡើងថា ការបញ្ចប់ទីរបស់កូនក្រុមនៅមានកម្រិតនៅឡើយ បន្ទាប់ពីប្រកួតស្មើក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមការពារតំណែងជើងឯកក្នុងលទ្ធផល ០-០ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ចំនួន ៤,១១២នាក់នៅកីឡដ្ឋាន RSN នៅល្ងាចថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។

ជំនួបដ៏ជក់ចិត្តក្រោមកម្ដៅថ្ងៃដែលចាប់ផ្ដើមប្រកួតនៅម៉ោង ៣៖៣០នាទីរសៀលនោះ ក្រុមទាំងពីរបានព្យាយាមដាក់សម្ពាធគ្នាមួយតង់ម្នាក់ ក្នុងនោះតង់ទី១ ព្រះខ័នរាជស្វាយរៀង បានបង្កើតឱកាសក្នុងប្រអប់គ្រោះថ្នាក់ច្រើន បន្ទាប់មកក្រុមម្ចាស់ផ្ទះបានបង្កើតឱកាសច្រើនវិញ នៅតង់ទី២ តែគ្មានក្រុមណាអាចទាត់បំប៉ោងសំណាញ់ទីគ្នាបានឡើយ។

ក្រោយចប់ការប្រកួតលោក ស៊ុំ វណ្ណា បានលើកឡើងថា ការប្រកួតនេះពិតជាមានភាពតានតឹងដូចការគិតរបស់ខ្លួនមែន ដ្បិតក្រុមទាំងពីរ មានសមត្ថភាពត្រដំត្រសងគ្នាក្នុងឆ្នាំ២០២០។ ប៉ុន្ដែយ៉ាងណាលោកហាក់មិនទាន់ពេញចិត្តការបញ្ចប់ទីរបស់កូនក្រុមនោះទេ ទោះបីឆ្លងកាត់ ៣ប្រកួតបើកឆាកភ្នំពេញក្រោនបានស៊ុតគូប្រជែង ១៦គ្រាប់ និងការពារសំណាញ់ទីមិនទាន់របូត ១គ្រាប់ក៏ដោយ។

អតីតគ្រូបង្វឹកក្រុមវេស្ទើនរូបនេះបានបញ្ជាក់ថា «សម្រាប់ថ្ងៃនេះ (ការប្រកួតម្សិលមិញ) កីឡាកររបស់យើង ពួកគេធ្វើបាន ៧០ភាគរយតាមផែនការ ប៉ុន្ដែនៅមានចំណុចខ្វះខាត គឺពាក់ព័ន្ធជាមួយការបញ្ចប់ទី។ ការបញ្ចប់ទីរបស់យើងនៅតែមានកម្រិតទាក់ទងជាមួយពេលវេលា»។ លោកបន្ថែមថា ជាមួយការប្រើយុទ្ធសាស្ដ្រការពារ និងវាយបកក្នុងការប្រកួតខាងលើ បើក្រុមខ្លួនរកបានត្រឹម ១គ្រាប់ នឹងទទួលបានជ័យជម្នះតែម្ដង។

យ៉ាងណាមិញការចែកគ្នា ១ពិន្ទុម្នាក់ខាងលើបានធ្វើឲ្យក្រុមទាំងពីរ រក្សាបាននូវកំណត់ត្រាមិនទាន់ស្គាល់ចាញ់ ឬស្មើដូចគ្នា ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ៣ និងស្មើ១ មាន ១០ពិន្ទុស្មើគ្នា និងតាមពីក្រោយដោយក្រុមជើងឯករងវិសាខា ដែលមាន ៩ពិន្ទុក្នុងដៃ ក្រោយយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-០ កាលពីល្ងាចមិញ៕