(ភ្នំពេញ)៖ ទិវារត់ប្រណាំងផ្នែកស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ ឬ Women Run 10K លើកទី១ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីរៀបចំដើម្បីអបអរទិវានារីអន្ដរជាតិ ៨មីនានាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែមីនា នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ ហើយព្រឹត្តិការណ៍នេះ ក៏ស្ដែងឲ្យឃើញនូវសមភាពយេនឌ័ររវាងបុរស និងនារីនៅកម្ពុជាផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍រត់កម្សាន្ដ ដើម្បីអបអរទិវានារីអន្ដរជាតិ ពិតជាសម្រេចបានផ្លែផ្កាលើសការរំពឹង បន្ទាប់ពីទាក់ទាញស្ដ្រីចូលរួមច្រើន ក្នុងចំណោមអ្នករត់ជាង ២,០០០នាក់ គឺមានស្ដ្រីប្រមាណ ១,៥០០នាក់ឯណោះ ដែលសបញ្ជាក់ឲ្យឃើញនូវការយល់ដឹងច្បាស់ពីសិទ្ធិ និងតម្លៃរបស់ស្ដ្រីក្នុងសង្គម។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «ទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រលើកទី១ នេះ បានដំណើរការដោយជោគជ័យ ព្រោះយើងឃើញមានការចូលរួមគគ្រឹកគគ្រេងដល់ទៅជាង ២,០០០នាក់ ពិសេសមានស្ដ្រីចូលរួមជាង ៧០% ដែលពួកគាត់បានយល់ដឹងពីសិទ្ធិរបស់គាត់ ស្របពេលថ្ងៃទិវានារីអន្ដរជាតិ ៨មីនា ហើយជាមួយគ្នា ក៏មានបុរសៗចូលរួមរត់ ដើម្បីបង្ហាញការគាំទ្រថ្ងៃសិទ្ធិនារីនេះដែរ»

លោកបន្ដថា «ព្រឹត្តិការណ៍នេះ ក្រៅពីអបអរទិវានារីអន្ដរជាតិ ក៏ជាការជំរុញ និងលើកទឹកចិត្តស្ដ្រីចូលរួមលេងកីឡា ដើម្បីទទួលបាននូវអត្ថប្រយោជន៍នូវសុខភាពល្អ និងធ្វើឲ្យស្ដ្រីគ្រប់រូប មានអារម្មណ៍ជ្រះថ្លា ក្នុងការចូលរួមព្រឹត្តិការណ៍ផ្សេងៗ ដោយស្មើភាពដូចនឹងបុរស។ ម្យ៉ាងកម្មវិធីនេះ ក៏រួមចំណែកផ្សព្វផ្សាយបរិស្ថានស្អាត ទីក្រុងស្អាត និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាទៀតផង»

ទន្ទឹមជាមួយគ្នា លោកស្រី ណារី ដែលបានចូលរួមរត់ចម្ងាយ ៤គីឡូម៉ែត្រ បានសម្ដែងការសប្បាយចិត្ត ដែល NOCC បានរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណងលើកកម្ពស់សិទ្ធិនារី ដ្បិតបច្ចុប្បន្នរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ សុទ្ធតែបានយកចិត្តទុកដាក់។ ហេតុនេះលោកស្រីចង់ឲ្យមានការរៀបចំព្រឹត្តិការណ៍នេះរៀងរាល់ឆ្នាំ ព្រោះវាជាការលើកកម្ពស់សិទ្ធនារីផង និងជំរុញឲ្យស្ដ្រីបានលេងកីឡាផង៕