(មែនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United បានបន្តការយកឈ្នះក្រុម Manchester City ក្នុងសប្តាហ៍ទី២៩ ជើងទី២ ក្នុងការស្វែងរក ៣ពិន្ទុបន្ថែម នៃលីគកំពូលអង់គ្លេស Premier League 2019-2020 ហើយនេះក៏ជាការរកបានជ័យជម្នះទាំង ២លើកក្នុងមួយរដួវកាលរបស់ក្រុមលោក Ole Gunnar Solskjaer ទៅលើក្រុមរបស់លោក Pep Guardiola ដែលការប្រកួតនេះ ធ្វើឡើងនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។

តាមរយៈជ័យជម្នះនេះដែរ វាក៏ជាការបើកផ្លូវឲ្យ Liverpool ត្រូវការជ័យជម្នះតែ ២ប្រកួតទៀតប៉ុណ្ណោះ ដើម្បីលើកពាន Premier League រដូវកាលឆ្នាំ២០១៩-២០២០ នេះ ក្រោយខកខានតាំងពីឆ្នាំ២០០៥ មក។

គ្រាប់បាល់ជ័យជម្នះ ២គ្រាប់បានកើតឡើងដោយខ្សែប្រយុទ្ធ Anthony Martial នៅនាទី៣០ ក្នុងតង់ទី១ ហើយមិត្តរួមក្រុមដែលជាខ្សែបម្រើ Scott McTominay រកបានគ្រាប់ទី២ នៅនាទី៩០ ចុងម៉ោង គ្រាដែលក្រុមលោក Pep Guardiola បានត្រឹមសោកស្តាយ ក្រោយពេលមួយប្រកួតកូនក្រុមទទួលបានកាតលឿងដល់ទៅ ៤លើក ក្នុងនោះខ្សែប្រយុទ្ធ Anthony Martial ជាកីឡាករដែលអាចរកបាន ២គ្រាប់ម្នាក់ឯងឲ្យក្រុមបិសាក្រហម ទៅក្រុមមេឃខៀវទាំងពីជើងនារដូវកាលនេះ។

៣ពិន្ទុក្នុងទឹកដីកីឡដ្ឋាន Old Trafford នេះ បានធ្វើក្រុមលោក Ole រកបាន ៤៥ពិន្ទុឈរនៅលេខរៀងទី៥ និងក្រុមលោក Pep ដែលជាក្រុមការពារតំណែងជើងឯកមាន ៥៧ពិន្ទុឈរលេខរៀងទី២ ហើយនេះក៏ជាលើកទី១ ដែលក្រុម Man Utd រកបានជ័យជម្នះទាំងពីរលើកក្នុង១ រដូលកាលទៅលើក្រុម Man City ចាប់តាំងពីឆ្នាំ២០០៩-២០១០ បន្ទាប់ពីការចូលនិវត្តន៍របស់លោក Sir Alex-Freguson ជាការជួបគ្នារវាងក្រុមដែលស្ថិតក្នុងទីក្រុងតែមួយ៕