(ភ្នំពេញ)៖ តារាចម្រៀង នឹងជាម្ចាស់បទ «ប្រពន្ធលួចលាក់» ក្នុងផលិតកម្ម M ដែលជាបទចម្រៀងមួយទទួលបានការគាំទ្រ និងធ្វើឲ្យទស្សនិកជន ស្គាល់នាងកាន់តែតាមរយៈបទនេះ ច្រើនគឺកញ្ញា ខៀវ ដាឡិច។ ដោយឡែក ពាក់ព័ន្ធនឹងរឿងរ៉ាវផ្ទាល់ខ្លួន ក៏ដូចជាអាជីពសិល្បៈរបស់ តារាចម្រៀងកញ្ញា ខៀវ ដាឡិច បានចូលរួមធ្វើជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ហើយអ្វីដែលជាអាថ៌កំបាំងរបស់នាងក្នុងអាជីពជាតារាចម្រៀង ដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ និងចង់ដឹងបំផុតនោះ គឺមាន៣ចំណុច ដែលទីមួយ «ទោះបីជានាងត្រូវបានអ្នកនិពន្ធ ផលិតបទចម្រៀងដែលសុទ្ធតែជាបទផ្ទុះការគាំទ្រក៏ដោយ តែនាងនិងអ្នកនិពន្ធ មិនធ្លាប់មានទំនាក់ទំនងអ្វី ពិសេសជាមួយគ្នាឡើយ ដោយឡែកចំណុចទីពីរ «នាងមិនបដិសេធថា គ្មានអ្នកឆាតមកសុំស្នេហ៍នាងតាមបណ្ដាញសង្គមនោះឡើយ គឺមាន» និងចំណុចទី៣ដែលក្ដៅគគុកខ្លាំងនោះ គឺនាងបានលើកឡើងថា «តារាចម្រៀងច្រៀងតាមហាងឬក៏ភោជនីយ៍ដា្ឋន គឺប្រឈមមុខខ្លាំងទៅនឹងការស្នើសុំពីភ្ញៀវ ឲ្យទៅអង្គុយកំដរ ជល់កែវជាមួយ»

ពិតណាស់ ការលើកឡើងបែបនេះពីសំណាក់ តារាចម្រៀង ខៀវ ដាឡិច គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News។ ឆ្លើយតបនឹងការសាកសួរពីសំណាក់ ពិធីការ-ពិធីការិនីក្នុងកម្មវិធី ទាក់ទងនឹងការងារសិល្បៈ កញ្ញា ខៀវ ដាឡិច ទស្សនិកជន បានធ្វើការចាប់អារម្មណ៍ទៅលើ៣ចំណុច របស់តារាចម្រៀងស្រីសម្រស់ស្រស់ផូរផង់រូបនេះ។ ចំណុចដ៏សំខាន់ដែលទស្សនិកជន ចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ នៅពេលដែលកញ្ញា ខៀវ ដាឡិច បានលើកឡើងថា «តារាចម្រៀងច្រៀងតាមហាងឬក៏ភោជនីយ៍ដា្ឋន គឺប្រឈមមុខខ្លាំងទៅនឹងការស្នើសុំពីភ្ញៀវ ឲ្យទៅអង្គុយកំដរ ជល់កែវជាមួយ»។ ជាការពិត មុនក្លាយជាតារាចម្រៀងមានកេរ្តិ៍ល្បី ក្នុងផលិតកម្ម ខៀវ ដាឡិច ក៏ធ្លាប់ឆ្លងកាត់ អាជីពជាអ្នកចម្រៀងតាមហាងពេលរាត្រី គឺតែងប្រឈមមុខខ្លាំង ទៅនឹងការស្នើសុំពីភ្ញៀវ ឲ្យទៅអង្គុយកំដរ ប៉ុន្តែនាងតែងបដិសេធ និងគេចមុខចេញ ហើយក៏ធ្លាប់ត្រូវបានគេគម្រាម ដកកាំភ្លើងទៀតផង នៅពេលដែលនាងបដិសេធមិនទៅអង្គុយក្បែរ។

ដោយឡែក ចំណុចទីពីរ នៅពីក្រោយបទចម្រៀងល្បីៗ និងផ្ទុះរបស់ កញ្ញា ខៀវ ដាឡិច ដែលមានដូចជាបទ «ប្រពន្ធលួចលាក់» ជាដើម ធ្វើឲ្យទស្សនិកជនមានចម្ងល់ថា តើនាងអាចនឹងមានទំនាក់ទំនងអ្វីពិសេស លើសពីមិត្តរួមអាជីព ជាមួយអ្នកនិពន្ធ ឬក៏យ៉ាងណា បានជាគេនិពន្ធបទច្រៀងឲ្យនាងសុទ្ធតែជាបទដែលចេញមកផ្ទុះការគាំទ្រខ្លាំងបែបនេះ។ ជុំវិញចម្ងល់នេះ ខៀវ ដាឡិច បានលើកឡើងថា ទោះបីជានាង មានបទចម្រៀងផ្ទុះជាច្រើនបទក៏ដោយ តែនាងថា នាងគ្មានទំនាក់ទំនង ស្នេហាអ្វីនោះឡើយជាមួយនឹងអ្នកនិពន្ធបទចម្រៀង ពោលគឺគ្រាន់តែជាទំនាក់ទំនង មិត្តរួមការងារប៉ុណ្ណោះ។

ចំនុចមួយទៀត គឺនាមជាអ្នកសិល្បៈ បូករួមទាំងប្រជាប្រិយភាព និងរូបសម្រស់សោភា គឺតែងតែមានអ្នកញ៉ែញ៉ង់ ជាពិសេសគឺតាមឆាតតែម្ដង ចំណុចនេះ ខៀវ ដាឡិច ក៏មិនបដិសេធអ្វីនោះឡើយ គឺនាងទទួលស្គាល់ថា មានបុរសជាច្រើន តែងតែឆាតមកញ៉ែនាង តែនាងមិនសូវជាអើពើនឹងរឿងទាំងនេះប៉ុន្មានឡើយ ដោយសង្កត់ធ្ងន់ថា បើគេឆាតមកក្នុងន័យស្នេហា នាងក៏មិនអើពើអ្វីដែរ។

ងាកមកបច្ចុប្បន្នវិញ ខៀវ ដាឡិច កំពុងមមាញឹកខ្លាំង ជាមួយនឹងការងារសិល្បៈ ដោយមានត្រៀមបញ្ចេញនូវបទចម្រៀងជាច្រើន ជាចំណីអារម្មណ៍ថ្មីប្លែកជូនដល់ ទស្សនិកជនបន្តបន្ទាប់ទៀត សម្រាប់រាំលេងកម្សាន្តដោយក្នុងឱកាសពិធិបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះផងដែរ។

ចុងក្រោយ តារាចម្រៀង ខៀវ ដាឡិច បានថ្លែងអំណរគុណដល់ទស្សនិកជន ដែលតែងតែគាំទ្រ រាល់បទចម្រៀងរបស់នាង និងសំណូមពរឲ្យទស្សនិកជន នៅតែបន្តការគាំទ្រដល់រូបនាងបន្តទៀតផងដែរ៕

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)