(បរទេស)៖ Lisa បានសរសេររៀបរាប់ពីបទពិសោធន៍ជីវិតជាអ្នកហ្វឹកហាត់ ទៅកាន់បេក្ខភាពប្រលងក្នុងកម្មវិធី «Youth With You» ដែល​ធ្វើឲ្យអ្នកគាំទ្រស្រក់ទឹកភ្នែក។

Lisa គឺជាអ្នករាំដ៏សំខាន់នៅក្នុងក្រុម BLACKPINK ហើយ Lisa ត្រូវបានអញ្ជើញឲ្យធ្វើជា គ្រូបង្វឹករាំ (mentor) ក្នុងកម្មវិធី «Youth With You» នៅប្រទេសចិន។

កាលម្សិលមិញ កម្មវិធី «Youth With You» បានបញ្ចេញវីឌីអូ Vlog ថ្ងៃដំបូងរបស់ Lisa ជាមួយនឹងប្រវត្តិរូប និងចំណាប់អារម្មណ៍ខ្លះរបស់បេក្ខភាព ដែលត្រូវចូលរួមប្រកួតក្នុងកម្មវិធី «Youth With You»។ ដំបូង Lisa បានមើលប្រវត្តិរូបរបស់បេក្ខភាពដោយស្នាមញញឹម ពួកគេបានសរសេរពាក្យសួរស្តី និងចំណង់ចំណូលចិត្តរបស់នាង ដូចជាទំហំចិត្តស្រលាញ់សត្វឆ្មារបស់ Lisa ហើយបេក្ខភាពផ្សេងទៀតក៏បានសរសេរពីមុខម្ហូបជប៉ុនក្តៅៗ មានសាច់ បន្លែ ទឹកជ្រលក់ជាដើម ដែលធ្វើឲ្យ Lisa ញញឹមបិទមាត់មិនជិត។

ទន្ទឹមនោះ Lisa ក៏បានឃើញសំបុត្រមួយធ្វើឲ្យ នាងចាប់អារម្មណ៍ និងពិបាកចិត្តជាខ្លាំង ដោយមានបេក្ខភាពម្នាក់ បានសរសេរពីភាពមិនជឿជាក់លើខ្លួនឯង ចំពោះការច្រៀងរាំ និងមានអារម្មណ៍ឯកោនៅពេលប្រកួត។ រំពេចនោះ Lisa ក៏ចាប់ផ្តើមសរសេរលិខិតមួយច្បាប់ជូនដល់បេក្ខភាពប្រលងក្នុងកម្មវិធី «Youth With You» ទាំងអស់។

Lisa បានសរសេរពីបទពិសោធន៍ជីវិតជាអ្នកហ្វឹកហាត់ ពេលមិនទាន់ក្លាយជាតារា, ដោយដំបូងនាងបានសរសេរ សួរសុខទុក្ខ ដល់បេក្ខភាពប្រលងទាំងអស់។ នាងបន្តថា «ខ្ញុំហ្វឹកហាត់អស់រយៈពេល ៥ឆ្នាំ ទើបបង្ហាញខ្លួនជាសាធារណ:ជាក្រុម BLACKPINK, ខ្ញុំដឹងថាការរស់នៅជាអ្នកហ្វឹកហាត់វាពិតជាពិបាកណាស់។ ខ្ញុំអាចយល់ពីអារម្មណ៍អ្នកទាំងអស់គ្នា ព្រោះខ្ញុំក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍នោះដែរ។ ពេលដែលខ្ញុំអាយុ ១៤ឆ្នាំ ខ្ញុំចង់ក្លាយជាអ្នកចម្រៀងម្នាក់ បន្ទាប់មកខ្ញុំបានចាកចេញពីផ្ទះដោយខ្លួនឯង ទៅកាន់ប្រទេសដែលមិនធ្លាប់ស្គាល់ ដើម្បីធ្វើជាអ្នកហ្វឹកហាត់ម្នាក់។ ខ្ញុំបានឆ្លងកាត់ការបណ្តុះបណ្តាលកម្រិតខ្ពស់ ហើយត្រូវតែជំនះឧបសគ្គខាងភាសាទៀតផង។ ក្រុមហ៊ុនមិនអនុញ្ញាតិឲ្យនរណាម្នាក់និយាយជាភាសាអង់គ្លេសជាមួយខ្ញុំឡើយ គឺត្រូវនិយាយជាភាសាកូរ៉េ»

Lisa បន្តថា​ «​នៅពេលខ្លះខ្ញុំបានលួចយំស្ងាត់ៗនៅក្នុងបន្ទប់ ព្រោះតែនឹកផ្ទះខ្លាំង, ៥ឆ្នាំគឺពិតជារយៈពេលយូរណាស់ ប៉ុន្តែខ្ញុំមិនបានបោះបង់ចោលទេ ហើយខ្ញុំជឿថាអ្នកក៏អាចធ្វើបានដូចគ្នា។ នៅពេលអ្នកព្យាយាមសម្រេចក្តីសុបិន្ត អ្នកនឹងជួបឧបសគ្គជាច្រើន តែទោះបីជាអ្នកប្រឈមនឹងអ្វីក៏ដោយ អ្នកត្រូវបន្តដំណើរទៅមុខជានិច្ច ហើយខ្ញុំនឹងនៅទីនេះដើម្បីគាំទ្រអ្នក»

ពាក្យពេចន៍ទាំងអស់នេះហើយ ធ្វើឲ្យអ្នកគាំទ្រ (BLINKS) ស្រក់ទឹកភ្នែកនឹងភាពលំបាក និងការតស៊ូរបស់ Lisa ហើយសន្យាថានឹងនៅគាំទ្រ Lisa និង BLACKPINK ជារៀងរហូត។

គួរបញ្ជាក់ថា កម្មវិធី «Youth With You» រដូវកាលទី២ នឹងចេញផ្សាយនៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០ រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ម៉ោង ៨:០០នាទីយប់ នាប្រទេសចិន៕