(ភ្នំពេញ)៖ ទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ ឬ Women 10K លើកទី១ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៨ ខែមីនាចុងស្អែកហើយ ដោយមានអ្នកចូលរួមប្រមាណជាង ២,០០០នាក់ ក្នុងនោះគឺមានស្ដ្រីបានចុះឈ្មោះចូលរួមជាង ៥០% ឯណោះ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ បានបញ្ជាក់ថា ក្រោមការផ្ដួចផ្ដើម និងយកចិត្តទុករបស់លោករដ្ឋមន្ដ្រី ថោង ខុន ពេលនេះគណៈកម្មការ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់ ក្នុងការរៀបចំព្រឹត្តិការណ៍រត់កម្សាន្ដចម្ងាយ ១០គីឡូម៉ែត្រ និង ៤គីឡូម៉ែត្រ ក្នុងថ្ងៃទិវានារីអន្ដរជាតិ ៨-មីនា ដើម្បីអបអរទិវាខួបលើកទី១០៩ នាព្រឹកថ្ងៃអាទិត្យស្អែក ដោយកន្លែងចេញដំណើរ និងបញ្ចប់ នឹងប្រព្រឹត្តទៅនៅសួនច្បារមុខវត្តបទុមវតី។

លោកបញ្ជាក់ថា មកទល់ពេលនេះ អ្នកចុះឈ្មោះរត់ក្នុងព្រឹត្តិការណ៍ Women 10K នេះ បានកើនឡើងជាង ២,០០០នាក់ហើយ តែអំឡុងមុនថ្ងៃរត់ ២-៣ថ្ងៃ គណៈកម្មការក៏បានរៀបចំទទួលការចុះឈ្មោះនៅនឹងកន្លែង នាសួនច្បារមុខវត្តបទុមវតីបន្ថែមផងដែរ ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងចំណោមអ្នកចុះឈ្មោះទាំងអស់ គឺមានស្ដ្រីជាង ៥០% បានត្រៀមចូលរួម ដែលនេះជាជោគជ័យមួយ សម្រាប់ស្ដ្រីក្នុងចលនាកីឡា ដែលជាការចង់បានរបស់ NOCC និងគណៈកម្មការរៀបចំ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់បែបកម្សាន្ដ Women 10K រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ៣ ទី១-ដើម្បីលើកកម្ពស់ស្ត្រីឲ្យចូលរួមលេងកីឡាឲ្យបានច្រើន, ទី២-ចូលរួមចំណែក សមភាពយេនឌ័រ, ទី៣-ចូលរួមថែរក្សាការពារបរិស្ថាន ដែលកម្ពុជាកំពុងបើកយុទ្ធនាការកម្ពុជាស្អាតរបស់ក្រសួងទេសចរណ៍ ក៏ដូចជាយុទ្ធនាការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) ដោយបានដាក់ចេញនូវ «យុទ្ធនាការកម្ពុជាស្អាត» ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕