(ភ្នំពេញ)៖ ខណៈបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខិតជិតមកដល់ តារាចម្រៀងក្នុងផលិតកម្ម និងក្រៅផលិតកម្ម ផ្សេងៗបានបញ្ចេញនូវបទចម្រៀងថ្មីៗជាបន្តបន្ទាប់ មានទាំងសម័យ និងប្រពៃណី ជាពិសេសនោះ គឺចង្វាក់ប្រពៃណីខ្មែរតែម្ដង ដើម្បីរាំលេងសប្បាយនាឱកាសបុណ្យឆ្នាំខ្មែរ ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងគូស្នេហ៍ គឺកញ្ញា ទេព បូព្រឹក្ស និងលោក G-Devith បានបញ្ចេញនូវបទចម្រៀងថ្មីមួយបទទៀតហើយ មានចំណងជើងថា «អួតសាហាវ» ជាចង្វាក់រាំវង់ ប្រពៃណីខ្មែរ។

ក្រោយចាកចេញពីទ្រនំចាស់ តារាចម្រៀងបែបយុវវ័យមួយគូនេះ គឺកញ្ញា ទេព បូព្រឹក្ស និងលោក G-Devith គឺមិនទាន់​មានបទចម្រៀងដែលជាចង្វាក់ប្រពៃណីខ្មែរនៅឡើយនោះទេ គឺមានតែបទចម្រៀងបែបមនោសញ្ចេតនាស្នេហា ឈឺចាប់តែប៉ុណ្ណោះ។ ដោយឡែក ពេលនេះអ្នកទាំងពីរបានផលិត ក៏ដូចជាបញ្ចេញបទចម្រៀង ដែលជាចង្វាក់រាំវង់ប្រពៃណីខ្មែរ ស្របពេលឱកាសបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់។ យ៉ាងណាមិញ បទចម្រៀងថ្មីដែលមានចំណងជើងថា «អួតសាហាវ» មួយនេះរបស់កញ្ញា ទេព បូព្រឹក្ស និងលោក G-Devith ហាក់ឆក់បានការពេញចិត្តខ្លាំង ពីសំណាក់ទស្សនិកជន ក្រោយបញ្ចេញទើបតែបានមួយថ្ងៃប៉ុណ្ណោះ តែមានអ្នកចូលទស្សនារហូតដល់ទៅរាប់ម៉ឺន រាប់សែនដងឯណ្ណោះ។

បទចម្រៀង «អួតសាហាវ» អាចនិយាយបានថា គឺជាបទចម្រៀងដែលជារសជាតិថ្មីមួយបែបទៀតសម្រាប់ទស្សនិកជន ព្រោះបទនេះមិនត្រឹមតែមានទំនុកច្រៀង បង្កប់នូវអត្ថន័យស្នេហា អួត ឌឺដងគ្នានោះទេ និងការបង្ហើរសំនៀងយ៉ាងពីរោះស្រទន់ ពីតារាចម្រៀងទាំងពីរនោះទេ គឺមានបទភ្លេងគួរឲ្យចង់រាំលេងកម្សាន្តទៀតផង។ អ្វីដែលសំខាន់ គឺការរៀបចំខ្លួនរបស់តារាចម្រៀងទាំងពីររូបក្នុងចម្រៀងមួយបទនេះ គឺសមសួនខ្លាំង ក្នុងឈុតប្រពៃណីខ្មែរ ដែលធ្វើឲ្យអ្នកដែលបានសណ្ដាប់ក៏ដូចជាទស្សនាហើយ បង្ហាញអារម្មណ៍ពេញចិត្ត និងកោតសរសើរតែម្ដង។

ចង់ដឹងថា បទចម្រៀង «អួតសាហាវ»របស់ ទេព បូព្រឹក្ស និងលោក G-Devith ពីរោះនិងមានអត្ថន័យយ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ និងទស្សនាទាំងអស់គ្នា៖