(លីវើភូល)៖ កីឡាករចាំទីដៃទី១ Alisson Becker នឹងអវត្តមានពេល Liverpool ប៉ះ Atletico Madrid ជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយនៅពានអឹរ៉ុប UEFA Champions League ដោយសារបញ្ហារបួសត្រកៀក (hip) ជាមិនទាន់ពេល។

បន្ថែមលើនេះ កីឡាករវ័យ ២៧ឆ្នាំសញ្ជាតិប្រេស៊ីលខាងលើនេះ ក៏អវត្តមានពេល Liverpool ប៉ះក្រុម AFC Bournemouth នៅ Premier League នាចុងសប្តាហ៍នេះផងដែរ និងកំពុងស្រពេចស្រពិលក្នុងជំនួប Derby ទល់នឹង Everton នៅថ្ងៃទី១៦ ខែមីនាដូចគ្នា។

Alisson បានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងពេល ក្រុមការពារជើងឯក UCL មួយនេះ ប្រកួតចាញ់ម្ចាស់ផ្ទះ Atletico Madrid ត្រឹម ១-០ កាលពីជើងទី១ នៅទឹកដីអេស្ប៉ាញ មុនពេលទទួលរងរបួសត្រកៀកក្នុងពេលអំឡុងហ្វឹកហាត់ត្រៀមប៉ះតោខៀវ Chelsea ក្នុងពាន FA Cup ដែលពួកគេបានចាញ់ ២-០ នៅកីឡដ្ឋាន Stamford Bridge នោះ។

ម្ចាស់ស្រោមដៃមាសនៅ PL កាលពីរដូវកាលមុន ក៏ទំនងជាអវត្តមានពីក្រុមជម្រើសជាតិសាំបាប្រេស៊ីល ក្នុងវគ្គជម្រុះ FIFA World Cup 2022 ទល់នឹងបូលីវី និងប៉េរូនាថ្ងៃទី២៨ ខែមីនា និងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ខាងមុខផងដែរ៕