(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ក្លិបបាល់ទាត់ក្រសួងការពារជាតិ (ក្លិបទ័ព) បានសម្រេចប្ដូរឈ្មោះរបស់ខ្លួន និងបានប្រកាសពីថ្នាក់ដឹកនាំថ្មី ដើម្បីជំរុញអោយក្លិបមួយនេះ កាន់តែក្លាយជាក្រុមអាជីពលេចធ្លោក្នុងស្រុក។

ក្នុងពិធីនោះដែរ ក៏បានប្រកាសថា ក្លិបទ័ពនឹងទទួលបានការជ្រោមជ្រែងពីប្រធានថ្មីរហូតដល់ ១០ឆ្នាំ ដោយក្នុង ១ឆ្នាំទទួលបានយ៉ាងតិច ៣០ម៉ឺនដុល្លារលើសកម្មភាពរបស់ខ្លួនថែមទៀត។

ឈ្មោះថ្មីដែលក្លិបបាល់ទាត់នេះសម្រេចយកជាផ្លូវការគឺ «ក្លិបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ» ខណៈការប្ដូរឈ្មោះនេះ មិនពាក់ព័ន្ធនឹងការរង្គោះរង្គើសមាជិកក្នុងក្រុមនោះទេ ផ្ទុយទៅវិញ គឺនឹងពង្រឹងរក្សាកីឡាករល្អៗអោយកាន់តែខ្លាំង និងបន្ថែមការទិញកីឡាករបរទេស មកជួយលើកមុខមាត់់ក្លិបទៀតផង។

ហេតុផលនៃការប្ដូរឈ្មោះនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងអគ្គនាយកវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺលោក ស៊ុប៉ាឆៃ វិរះពូជុង គឺជាអ្នកដេញថ្លៃក្លិបបាល់ទាត់នេះបានយកមកគ្រប់គ្រងរហូតដល់ ១០ឆ្នាំ ទើបវេទិកាសន្និសីទនៅក្នុងថ្ងៃនោះ ក្រៅពីប្រកាសប្ដូរឈ្មោះ ក៏មានការបង្ហាញពី MOU រវាងនាយកប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ស្ដីពីការប្រគល់សិទ្ធិអោយនាយកប៉ុស្តិ៍លេខ៥ ជាអ្នកមើលខុសត្រូវក្នុងរយៈពេល ១០ឆ្នាំចាប់ពីដើមឆ្នាំ២០២០ តទៅនោះផង។

លោក ស៊ុប៉ាឆៃ វិរះពូជុង មហាសេដ្ឋីមុខជំនួញ ដែលត្រូវគេស្គាល់ថាគឺជានាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានប្រកាសអោយដឹងថា ដោយសារតែកត់សម្គាល់ថា ក្លិបបាល់ទាត់ក្រសួងការពារជាតិ គឺជាក្រុមខ្លាំងមួយពេលបច្ចុប្បន្ន តែនៅខ្វះអ្នកជ្រោមជ្រែងនៅឡើយ ទើបលោកសម្រេចចិត្តដាក់ទុនចូលរួមគ្រប់គ្រង ដើម្បីអោយក្រុមទាំងមូលក្លាយជាក្រុមខ្លាំងមួយ។ ម្យ៉ាងមកពីប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ជាពិសេសគឺកងយោធពលខេមរភូមិន្ទ មានទំនាក់ទំនងស្និទ្ធិនឹងគ្នាតាំងពីយូរយារមកហើយផង ទើបឈានដល់ការជួយក្លិបបាល់ទាត់មួយនេះ ដើម្បីរួមចំណែកជួយដល់វិស័យកីឡាប្រចាំនៅក្នុងក្រសួងការពារជាតិទាំងមូល ដោយលោកក៏មានគម្រោងស្វែងរកដៃគូស្ពុនស័រជាច្រើនផ្សេងទៀត ជួយដល់ក្លិបបាល់ទាត់មួយនេះ ដើម្បីជាប្រយោជន៍ដល់ក្លឹបទាំងមូល។

ដោយឡែក លោក ខូវ ឆាយ អគ្គលេខាធិការសមាគមបានថ្លែងបញ្ជាក់ថា លោករំពឹងយ៉ាងខ្លាំងថាវត្តមានរបស់លោកអគ្គនាយប៉ុស្តិ៍លេខ៥ នឹងជួយអោយក្លិបទាំងមូលទទួលបានភាពលេចធ្លោ ខណៈដែលរយៈពេលចុងក្រោយ ក្លិបក្រសួងការពារជាតិ ក៏ជាក្រុមខ្លាំងមួយក្នុង League កំពូល។ ជាមួយនឹងការបង្ហាញវត្តមានកីឡាករបរទេសចំនួន៥រូប ក្លិបនេះ ក៏ប្រកាសអញ្ជើញគ្រូបង្វឹកបរទេសមកជួយពង្រឹងក្រុមផងដែរ៕