(ភ្នំពេញ)៖ ក្រោយចុះកិច្ចសន្យាធ្វើជាតារាចម្រៀងក្នុងផលិតកម្មថោន ពេលនេះ ពិធីការនី និងជាតារាសម្ដែង ដែលវិវត្តខ្លួនក្លាយជាតារាចម្រៀងកញ្ញា ប៊េប៊ី បានចេញនូវបទម្រៀងបែបញាក់កន្រ្តាក់អារម្មណ៍មួយបទ មានចំណងជើងថា «ប្រពន្ធកាច» ខណៈបទចម្រៀងមួយបទនេះ កំពុងតែអង្រួនដួងចិត្តមិត្តៗយុវវ័យខ្លាំង ព្រោះតែអន្ថន័យ និងចង្វាក់ភ្លេងគួរឲ្យចង់រាំតែម្ដង។

បទថ្មី ដែលប៊េប៊ី ទើបតែចេញក្ដៅៗ នៅក្នុងផលិតកម្មថោននោះ មានចំណងជើងថា «ប្រពន្ធកាច» ដោយបទនេះ គឺគ្រាន់តែស្ដាប់​សាច់ភ្លេងមានការចាប់អារម្មណ៍តែម្ដង ស្របពេលដែលគេជឿថាស្រីស្អាតជាម្ចាស់បទនេះ ក៏ពិតជាបំបែកក្បាច់រាំបានទាក់ភ្នែក អោយត្រូវនឹងសាច់ភ្លេងល្អ។ បទនេះ ជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយអ្នកនិពន្ធ ដែលធ្លាប់និពន្ធបទភ្លេងអោយតារាចម្រៀង កញ្ញា រ៉ាប៊ីផ្ទុះខ្លាំង នាពេលកន្លងទៅ ដែលមានដូចជាបទ «មាន់ស្រែ»ជាដើម។

កញ្ញា ប៊េប៊ី បានបង្កើតក្បាច់រាំអោយរស់រវើកជាមួយក្រុមរាំ និងបង្កើតការសម្ដែងអោយប្លែកតម្រូវអ្នកចូលចិត្តរាំបុណ្យចូលឆ្នាំផងដែរ។ អ្នកគាំទ្ររបស់នាង​រំពឹងយ៉ាងខ្លាំងថា ប៊េប៊ី នឹងក្លាយជាតារាចម្រៀងលេចធ្លោនៅក្នុងផលិតកម្មថោន។ យ៉ាងណាមិញ ប៊េប៊ី ហាក់មិនមានរំពឹងថាបទ «ប្រពន្ធកាច» របស់ខ្លួន នឹងផ្ទុះកក្រើកជំនួសបទ «មាន់ស្រែ» ដែលធ្លាប់ល្បីលក្រើកកាលចូលឆ្នាំមុននៅឡើយទេ ដោយនាងបានត្រឹមតែអះអាងថានឹងប្រឹងអោយអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណា ឲ្យចម្រៀងរបស់ខ្លួន ផ្ទុះការគាំទផងដែរ។ ដោយឡែក ក្រៅពីបទចម្រៀងមួយនេះ ប៊េប៊ី ក៏មានបទចម្រៀងជាច្រើនទៀត សម្រាអបអរក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ។

គួរបញ្ជាក់ថា កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី ត្រូវបានទស្សនិកជនដឹងថា នាងគឺជាតារាសម្តែង និងពិធីការិនី ដែលមានរូបឆោមស្រស់សោភាមួយដួង កំពុងមានសន្ទុះទីផ្សារនាពេលបច្ចុប្បន្ន។ បន្ថែមពីអាជីពទាំងពីរ ខាងលើនាងបានវិវត្តន៍ខ្លួនពីតារាចម្រៀង និងបានចុះកិច្ចសន្យា ធ្វើជាតារាចម្រៀង ក្នុងផលិតកម្មថោន។

ដោយឡែកចង់ដឹងថា «ប្រពន្ធកាច» របស់បេប៊ី មានអត្ថន័យ ក៏ដូចជាមានបទភ្លេង ញាក់កន្រ្តាក់អារម្មណ៍ ទាក់ទាញចិត្តខ្លាំងយ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ ទាំងអស់គ្នា៖