(ភ្នំពេញ)៖ ករណីប្រជាពលរដ្ឋរស់នៅភូមិច្រេស សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ បានប្តឹងតារាចម្រៀងព្រាប សុវត្ថិ ករណីយកចញ្ចឹមផ្លូវសាធារណៈដាក់សម្ភារៈ និងបញ្ហាមួយចំនួនទៀត ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ក្រោមការសម្របសម្រួលពីក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ។

ក្រោយពីមានភាពចម្រូងចម្រាស់ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្លួន, តារាចម្រៀង ព្រាប សុវត្ថិ បានសំណូមពរឲ្យតំណាង​ប្រជាពលរដ្ឋធ្វើការសុំទោសលោកជាសាធារណៈ ខណៈលោកបានយល់ព្រមអនុវត្តសំណូមពររបស់ប្រជាពលរដ្ឋចំនួន៣ចំណុច ដើម្បីបញ្ចប់បញ្ហា។

លោក ព្រាប សុវត្ថិ បានយល់ព្រមអនុវត្តសំណូមពរ ៣ចំណុច ដូចខាងក្រោម៖
១. ធ្វើការរុះរើសម្ភារៈចេញពីលើផ្លូវសាធារណៈខាងក្រោយដីឡូតិ៍
២. កែសម្រួលការចតរថយន្តនៅលើផ្លូវសាធារណៈ ដែលនាំឲ្យពិបាកក្នុងការចេញចូល និងបញ្ហាសំឡេងរបស់រថយន្ត
៣. កាប់មែកឈើដែលធ្លាក់ទៅលើផ្ទះរបស់ប្រជាពលរដ្ឋចេញឲ្យអស់។

គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមីនា ភាគីទាំងសងខាងយល់ព្រមចំពោះសំណូមពរទៅវិញទៅមក ហើយបន្តរក្សាទំនាក់ទំនងល្អជាមួយអ្នកជិតខាង។

គួរជម្រាបថា បើតាមការតវ៉ា​នោះ អ្នកជិតខាងលោក ព្រាប សុវត្ថិ បាន​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​ជាមួយ​លោក ព្រាប សុវត្ថិ មាន​៤ចំណុច គឺ ឈប់ឲ្យលោក ព្រាប សុវត្ថិ​ ធ្វើ​របង​បំពាន​លើផ្លូវ​សាធារណៈ, ឈប់ធ្វើ​រោង​ឈើ​បិទ​ផ្លូវ, ឈប់ចត​រថយន្តបិទ​ផ្លូវ ​ គ្មាន​សណ្ដាប់ធ្នាប់ និង​ឈប់រោទ៍​សំឡេង​រថយន្ត​លាន់​ខ្លាំង​ដេក​ពួន​មិនបាន៕