(ភ្នំពេញ)៖ ខ្សែការពារស្នូលរបស់ក្លិបភ្នំពេញក្រោន បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីបើកទ្វារកីឡដ្ឋាន RSN ទទួលក្លិបព្រះខ័នរាជស្វាយរៀងនាថ្ងៃអាទិត្យនេះ ហើយគេបានសង្កត់ធ្ងន់ថា «យើងចង់ឈ្នះ តែព្រះខ័នរាជស្វាយរៀងក៏ចង់ផ្តួលយើងដែរ»

កីឡាករទាំងជាប់ជម្រើស ១១នាក់ និងបានលេងជម្រើសជាតិញឹកញាប់នេះ បានបញ្ជាក់ថា នេះគឺជាជំនួបដ៏ធំប្រចាំក្របខណ្ឌលីគកំពូលកម្ពុជា ដែលក្រុមមិនទាន់ស្គាល់បរាជ័យទាំងពីរត្រូវជួបគ្នា ស្របពេលអ្នកគាំទ្រជាច្រើន កំពុងទន្ទឹងរង់ចាំការប្រកួតនេះមកដល់។

បារាំង បាននិយាយថា «ទាំងអស់គ្នាដឹងថា ព្រះខ័នរាជស្វាយរៀងគឺជាម្ចាស់ជើងឯកកាលពីឆ្នាំមុន ហើយពួកគេក៏អស្ចារ្យផងដែរ។ ពួកគេបានឈ្នះ២ទៅ៣ប្រកួតដំបូងរបស់ពួកគេ។ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយសម្រាប់យើង ខណៈដែលពួកគេគឺជាក្រុមដ៏ល្អ និងការប្រយុទ្ធរបស់ពួកគេគឺអស្ចារ្យណាស់។ ពួកគេមាន Privat និងកីឡាករបរទេសដែលមានគុណភាពផ្សេងទៀត»

ខ្សែការពារវ័យក្មេងដ៏រឹងមាំរូបនេះបន្ដថា «សម្រាប់ពួកយើង មិនដែលមើលស្រាលគូប្រជែងទេ។ យើងចាត់ទុកក្រុមទាំងអស់ក្នុងលីគថាជាគូប្រជែងខ្លាំង ព្រោះគោលដៅរបស់យើងមាន ៣ ពិន្ទុពីការប្រកួតនីមួយៗ...។ ចំពោះអ្នកគាំទ្រសូមមកគាំទ្រពួកយើងដើម្បីធ្វើអោយពួកយើងកាន់តែរឹងមាំ និងធ្វើឲ្យការប្រកួតកាន់តែរំភើប។ សូមអរគុណសម្រាប់ការគាំទ្រ ហើយសូមបន្តគាំទ្រពួកយើង»

គួរបញ្ជាក់ថា ជំនួប BIG MATCH ប្រចាំសប្ដាហ៍ទី៤ នេះ ត្រូវបានប្ដូរម៉ោងប្រកួត មកប្រកួតនៅម៉ោង ៣៖៣០នាទីរសៀលវិញ ក្រោយកីឡដ្ឋាន RSN របស់អតីតក្រុមជើងឯក ៦សម័យកាលនេះ មានបញ្ហាប្រព័ន្ធភ្លើង និងអំពូលភ្លើង៕