(វ៉ាលិនសៀ)៖ ការប្រកួតជើងទី២ នៃពានរង្វាន់បាល់ទាត់អឺរ៉ុប UEFA Champions League រវាងក្រុមរបស់អស្ប៉ាញ Valencia FC ដែលត្រូវប្រជែងជាមួយក្រុម Atalanta របស់អុីតាលីក្នុងវគ្គ ១៦ក្រុម នឹងត្រូវធ្វើការប្រកួតបិទទ្វារកីឡដ្ឋាន ដោយមិនអនុញ្ញាតដល់អ្នកគាំទ្រចូលរួមទស្សនានោះទេ ក្រោយការរីករាយដាលនៃវីរុស COVID-19 នារាត្រីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ សប្តាហ៍ក្រោយ។

បើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៦ ខែមីនានេះបានឲ្យដឹងថា ការប្រកួតរវាងក្រុម Valencia ប៉ះក្រុមភ្ញៀវ Atalenta នឹងត្រូវធ្វើការប្រកួតបិទទ្វារកីឡដ្ឋាន ដោយហេតុផលក្នុងការការពារការឆ្លង COVID-19 គ្រាដែលក្រសួងសុខាភិបាលរបស់អេស្ប៉ាញ បានលើកឡើងថា «ចង់ទប់ស្កាត់ចៀសវាងក្នុងការជួបក្រុមអ្នកគាំទ្រដ៏ច្រើន» ខណៈការប្រកួតជើងទី១ Atalanta ធ្វើបានសម្រេចក្នុងលទ្ធផល ៤-១។

បើតាមស្ថានភាពបច្ចុប្បន្នសម្រាប់ការប្រកួតរវាង Juventus ប៉ះ Lyon នៅថ្ងៃទី១៨ ខែមីនាខាងមុខនេះ ក៏ទំនងរងផលប៉ះពោលផងដែរ នៅពេលដែលរដ្ឋាភិបាលអុីតាលីបានចេញសេចក្តីប្រកាសថា គ្រប់កីឡាទាំងអស់ត្រូវប្រកួតបិទទ្វាររហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ខាងមុខ ខណៈប្រទេសអេស្ប៉ាញមានរហូតដល់ ២៣៧ករណី និងមាន ៣ករណីបានស្លាប់ដោយវីរុស COVID-19៕