(សេអ៊ូល)៖ អ្នកដឹកនាំរឿងរបស់ទូរទស្សន៍ SBS ដែលជាស្ថាប័នដ៏ល្បីមួយនៅកូរ៉េខាងត្បូង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយសារតែស្រវឹង ធ្វើសកម្មភាពបៀតបៀនអ្នកដំណើរតាមផ្លូវសាធារណៈ។ បុរសដែលជាអ្នកដឹកនាំរឿងរូបនោះ មិនត្រូវបានបញ្ចេញឈ្មោះឡើយ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន allkpop នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។

បើតាមសារព័ត៌មានកូរ៉េ MBC កាលពីថ្ងៃទី០៥ ខែមីនា បានចុះផ្សាយថា អ្នកដឹកនាំរឿងរបស់ទូរទស្សន៍ SBS រូបនោះបាននិយាយពាក្យមិនសមរម្យជាមួយនឹងកាយវិការបៀតបៀន ទៅលើអ្នកដំណើរនៅតាមផ្លូវ ខណៈរូបគេកំពុងស្រវឹងស្រា ហើយបន្តសកម្មភាពបែបនេះ ទៅលើប៉ូលីសនារី នៅស្ថានីយ៍ប៉ូលីសថែមទៀតដែរ។ ផលិតកររូបនោះ ត្រូវបានគេនិយាយថា គឺជាអ្នកផលិតកម្មវិធីកម្រឹតកណ្តាល ដែលដឹងនាំរឿង «Monday-Tuesday» កាលពីឆ្នាំមុន។

តាមរយៈវីដេអូ បានបង្ហាញថាអ្នកដឹកនាំរឿងរូបនោះ បានជះស្រាទៅលើអ្នកដំណើរតាមផ្លូវ ដែលស្ថិតនៅតំបន់ Hannam-dong ទីក្រុងសេអ៊ូល។ បន្ទាប់មកអ្នកដំណើរក៏ព្យាយាមយកដបស្រាចេញ ហើយក៏មានការប្រតាយប្រទង់គ្នាជាមួយផលិតកររូបនោះ។ ភ្លាមនោះប៉ូលីសមកដលកន្លែងកើតហេតុ ហើយបានចាប់ខ្លួនផលិតកររូបនោះតែម្តង៕