(ក្រុងឡុងដ៍)៖ ក្រុមបិសាចក្រហម Manchester United បានប្រជែងឈ្នះក្រុម Derby County ក្នុងលទ្ធផល ៣-០ និងឡើងទៅជួបក្រុមចាបលឿង Norwich City នៅវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup។

ជ័យជម្នះខាងលើនេះ ក៏មាន ២គ្រាប់របស់កីឡាករខ្សែបម្រើ Odion Ighalo ដែលទើបផ្លាស់មកពីក្លិបលេងនៅលីគកំពូលរបស់ចិននៃការប្រកួតនារាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

បច្ចុប្បន្ន វគ្គ ៨ក្រុមគឺត្រូវបានរកឃើញអស់ហើយ ដោយសុទ្ធសឹងតែក្រុមលេងនៅ Premier League រដូវកាលនេះទាំងអស់ ហើយស្ថិតក្នុងការប្រកួតយ៉ាងស្វិតស្វាញក្នុងនោះខ្សែការពារ Luke Shaw រកបានគ្រាប់បាល់ដំបូងនៅនាទី៣៣ ក្រោយពេលទទួលបានកាតលឿងនៅនាទី១៧ ហើយ ២គ្រាប់បន្ថែមធ្វើបានសម្រេចដោយខ្សែបម្រើចំណូលថ្មី Odion Ighalo នៅនាទី៤១ និងនាទី៧០ គ្រាដែលគូប្រជែងដែលមានខ្សែប្រយុទ្ធ Rooney បានត្រឹមខកចិត្ត ក្រោយព្យាយាមមិនបានសម្រេច។

ក្រុមទាំង ៨ដែលមានការជួបគ្នានៅវគ្គ ១/៤ រួមមាន Norwich City ប៉ះ Manchester United, Leicester City ប៉ះ Chelsea , Sheffield United ប៉ះ Arsenal និងក្រុមការពារតំណែងជើងឯក Manchester City ប៉ះ Newcastle United ដែលនឹងធ្វើឡើងនៅថ្ងៃទី២១ ខែមីនា។ ពាននេះ Arsenal ឈ្នះច្រើនជាងគេមានដល់ទៅ ១៣លើក៕