(ភ្នំពេញ)៖ ក្លិបបាល់ទាត់វិសាខា បានទទួលការឧបត្ថម្ភសំបុត្រយន្ដហោះធ្វើដំណើរទៅមក សម្រាប់ការប្រកួតក្រៅដី នាខេត្តសៀមរាបរយៈពេល ៣ឆ្នាំ បន្ទាប់ពីក្លិបជើងឯករងឆ្នាំចាស់នេះ បានចុះកិច្ចព្រមព្រៀងភាពជាដៃជាមួយក្រុមហ៊ុន YUE TAI Sports Development Co., Ltd។

ពិធីចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោមវត្តមានលោកជំទាវ កែ សួនសុភី ប្រធានក្លិបវិសាខា និងលោក Sam Yeung អគ្គនាយកនៃ YUE TAI International Group Limited រួមជាមួយគណៈគ្រប់គ្រងក្លឹប និងក្រុមហ៊ុននាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅកីឡដ្ឋានព្រីនស៍។

កញ្ញា នូសុវត្ថិ ចាន់វល័ក្ខ ទីប្រឹក្សាផ្នែកទីផ្សារក្លិបកំពុងឈរលេខ៤ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី៣ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះមានរយៈពេល ៣ឆ្នាំ ដោយក្រុមហ៊ុនបានផ្ដល់ជូននូវសំបុត្រយន្ដហោះដល់កីឡាករ និងក្រុមការងារក្លិបទាំងអស់ ក្នុងការធ្វើដំណើរទៅមកសម្រាប់ការប្រកួតក្រៅដី នាខេត្តសៀមរាបដោយឥតគិតថ្លៃ។

កញ្ញាបានបន្ដថា «ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុនឯកជន ពិសេសក្រុមហ៊ុន YUETAI Sports Development Co., Ltd ពេលនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ជាមួយថ្នាក់ដឹកនាំក្លិបរបស់យើង ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា ពិសេសក្លិបបាល់ទាត់វិសាខាឲ្យកាន់តែរីកចម្រើន និងឈានទៅរកការប្រកួតប្រជែងកាន់តែខ្លាំងទាំងថ្នាក់ជាតិ និងអន្ដរជាតិ»។

ដោយឡែកលោក Sam Yeung បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះក្លិបវិសាខា ដែលជាក្លិបក្មេងខ្ចី តែបានខិតខំប្រឹងអភិវឌ្ឍន៍ខ្លួន និងរីកចម្រើនយ៉ាងឆាប់រហ័ស។ ហេតុនេះលោកពិតជាមានសេចក្ដីសោមនស្សរីករាយ ក្នុងការចុះកិច្ចព្រមព្រៀមលើភាពជាដៃគូជាមួយវិសាខា ហើយលោកសង្ឃឹមថា ក្លិបនឹងសម្រេចបានលទ្ធផលល្អៗបន្ថែមទៀតក្នុងឆ្នាំនេះ និងថ្ងៃអនាគត៕