(ភ្នំពេញ)៖ ជាតិសាសន៍នៅលើសកលលោក តែងតែមាននូវប្រពៃណីទំនៀមទម្លាប់ទៅតាមជាតិសាសន៍នីមួយៗ ដោយឡែកប្រទេសកម្ពុជាយើង គឺជាជាតិសាសន៍មួយដែលមានទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ស្រស់ផូរផង់ ដែលធ្វើឲ្យជាតិសាសន៍ជាច្រើននៅលើសកលលោក ស្រលាញ់នូវប្រពៃណីវប្បធម៌ខ្មែរ។ ជាក់ស្ដែងថ្មីៗនេះ វីដេអូមួយកំពុងត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែកចាយយ៉ាងព្រោងព្រាត ហាក់បង្ហាញពីការចាប់អារម្មណ៍ខ្លាំង ខណៈដែលវីដេអូមួយនោះ គឺបង្ហាញពីនារីជនជាតិបរទេស៤នាក់ បាននាំគ្នារាំចូកកំពឹស ក្នុងឈុតប្រពៃណីខ្មែរ ក្នុងចម្រៀងមរតកដើមរបស់ខ្មែរ បានយ៉ាងសមសួន គួរឲ្យចង់គយគន់។

ជាការពិត ទស្សនិកជន ប្រាកដជាស្គាល់នូវតារាចម្រៀងលោក តូនី កែវ ដែលលោកជាកូនខ្មែរកើតនៅលើទឹកដី ប៉ែកអឺរ៉ុប ហើយលោកក៏ជាតារាចម្រៀងម្នាក់មានប្រជាប្រិយភាព ខណៈដែលលោកតែងតែលើកយកបទចម្រៀងប្រពៃណីខ្មែរលើកយកមកបកស្រាយ អ្វីដែលគួរឲ្យចាប់អារម្មណ៍ថ្មីនេះ លោកបានលើកយកនូវបទចម្រៀងមរតកដើម យកមក Cover ដែលជាចង្វាក់ចូកកំពឹស ក្នុងនោះគេឃើញមាននារីជនបរទេស ៤រូប បានធ្វើការស្លៀកពាក់ ហូលផាមួងបែបខ្មែរ និងរាំលេងក្នុងចង្វាក់ចូកកំពឹស ពិតជាស្រស់ស្អាត ថែមទាំងបង្ហាញពីស្នាមញញឹម មើលទៅពិតជាទន់ភ្លន់មិនចាញ់នារីខ្មែរនោះទេ។

អ្វីដែលគួរឲ្យកោតសរសើរ ទោះមិនមែនជាជាតិសាសន៍ខ្មែរ ប៉ុន្តែនារីបរទេសទាំងនោះ គឺបានបង្ហាញពីឥរិយាបថយ៉ាងសមសួន បង្ហាញពីការឲ្យតម្លៃនូវមរតកវប្បធម៌ខ្មែរ តាមរយៈ ការស្លៀកហូលផាមួង រាំចូកកំពឹស បានយ៉ាងល្អ និងទន់ភ្លន់។

ចង់ដឹងថាយ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយទស្សនាទាំងអស់គ្នា៖