(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen-Cup) ថ្នាក់ខេត្ត លើកទី១៤ បានរកឃើញបេក្ខភាព ៣ក្រុម ដែលឡើងវគ្គ ៨ក្រុមចុងក្រោយហើយ រួមមានខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកែប បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៥ កាលពីចុងសប្ដាហ៍កន្លងទៅ។

ចំពោះខេត្តសៀមរាប គឺបានបញ្ចប់ការប្រកួតក្នុងពូល B ហើយ ដោយឈរកំពូលតារាង និងមាន ៩ពិន្ទុក្នុងដៃ ក្រោយប្រកួតចុងក្រោយ​ចាញ់ក្រុមបាតតារាងខេត្តព្រះវិហារ ១-០។ ប៉ុន្ដែលទ្ធផលនេះ គឺគ្រប់គ្រាន់ឲ្យខេត្តសៀមរាបឡើងវគ្គបន្ដ ដ្បិតគូប្រជែងមានខេត្តកំពង់ធំ និងខេត្តព្រះវិហារ ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ។

ឯខេត្តកំពង់ស្ពឺ ក៏បានបញ្ចប់ការប្រកួតពូល D ដែរ តែពួកគេបានទទួល ៣ពិន្ទុបន្ថែមពិការប្រកួតទី៤ របស់ខ្លួន ដោយយកឈ្នះខេត្តតាកែវ ២-០ ធ្វើឲ្យពួកគេមាន ៨ពិន្ទុឈរកំពូលតារាង នាំមុខខេត្តកណ្ដាល ដែលរកបាន ៣ពិន្ទុ និងខេត្តតាកែវមាន ១ពិន្ទុ។ ប៉ុន្ដែខេត្តកណ្ដាល និងខេត្តតាកែវ សល់១ប្រកួតបង្គ្រប់កិច្ចក្នុងដៃទៀត។

ដោយឡែកខេត្តកែបវិញ ក៏ស្រដៀងខេត្តសៀមរាបដែរ ក្រោយពួកគេចាញ់ខេត្តកោះកុង ៣-២ តែដោយសារក្រុមបាតតារាងខេត្តព្រះសីហនុ យកឈ្នះខេត្តកំពត ៥-០ បានធ្វើឲ្យខេត្តកែប រក្សាកៅអីកំពូលតារាងពូល E និងមាន ១០ពិន្ទុ ដែលគ្រប់គ្រាន់ ដើម្បីឡើងវគ្គបន្ដ។ ប៉ុន្ដែយ៉ាងណាក្រុមនីមួយៗ នៅសល់ ១ប្រកួតក្នុងដៃទៀត ដោយទាមទារឈ្នះរៀងៗខ្លួន ដើម្បីប្រជែងតំណែងក្រុមលេខ២ ល្អជាងគេ។

គួរបញ្ជាក់ថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ដឆ្នាំនេះ មាន ១៧ក្រុមចូលរួម និងបែងចែកជា ៥ពូល។ រូបមន្ដប្រកួតក្រុមមានពិន្ទុខ្ពស់ជាងគេ ៥ក្រុម នឹងទទួលបានកៅអីវគ្គ ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ខណៈ ៣ក្រុមទៀត ត្រូវជ្រើសរើសក្រុមលេខ២ ល្អជាងគេចំនួន ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ផ្ដាច់ព្រ័ត្រនេះ៕