(ភ្នំពេញ)៖ មហាជនចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីមានព័ត៌មានថា កំពូលតារាចម្រៀងប្រុសប្រចាំប្រទេសកម្ពុជា ដែលកន្លងមកមិនធ្លាប់មានរឿងអាស្រូវទាល់តែសោះ ត្រូវបានប្រជាពលរដ្ឋរហូតដល់ទៅ ៧០គ្រួសារ មកតវ៉ានៅមុខផ្ទះលោក ដោយអះអាងថា លោកបានរំលោភផ្លូវសាធារណៈ និងធ្វើឲ្យរំខានអ្នកជិតខាង។ មិន​បង្អង់យូរឡើយ លោក ព្រាប សុវត្ថិ បានចេញមកបដិសេធភ្លាមៗ ដោយលើកឡើងថា ពេលលោកនៅផ្ទះ ហេតុអ្វីមិននិយាយ?

បើយោងតាមសារហ្វេសប៊ុករបស់ លោកហេង ឡុង ដែលជាប្រធានសមាគមសិល្បករខ្មែរ បានសរសេរថា «បង ព្រាប សុវត្ថិ សូមបដិសេធព័ត៌មានផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ម្សិលមិញ ចំពោះការផ្ទុះតវ៉ាពាក់ព័ន្ធជាមួយនឹងផ្ទះរបស់គាត់ ហើយបានចោទប្រកាន់ថា គាត់បានរំលោភផ្លូវសាធារណៈ និងធ្វើឱ្យរំខានអ្នកជិតខាង ដោយមានរហូត៧០គ្រួសារមកតវ៉ា តែជាក់ស្ដែងមានត្រឹមពីរបីគ្រួសារប៉ុណ្ណោះ ហើយ​គាត់បានចោទជាសំណួរថា ពួកគាត់មានបំណងអ្វី? នៅពេលដែលគាត់នៅផ្ទះ ហេតុអ្វីមិនមកនិយាយគ្នា? សូមបញ្ជាក់ថា ថ្ងៃកើតហេតុម្សិលមិញនេះ គាត់មិនបាននៅភ្នំពេញទេ ឥឡូវនេះគាត់កំពុងតែធ្វើដំណើរត្រឡប់មកពីខេត្តមណ្ឌលគិរីវិញ»

ឆ្លើយតបនឹងបញ្ហានេះ គេមិនទាន់ដឹងនៅឡើយទេថា តើលោក ព្រាប សុវត្ថិ នឹងមានដំណោះស្រាយបែបណា ជូនអ្នកជិតខាង។ តាមរយៈលោក ហេង ឡុង, លោក ព្រាប សុវត្ថិ គ្រាន់តែប្រាប់ថា លោកមិនបាននៅផ្ទះ ថ្ងៃកើតហេតុ និងមិនដឹងថា អ្នកជិតខាងមានគោលបំណងអ្វីចំពោះគ្រួសារលោក។

គួរជម្រាបថាបើតាមការតវ៉ា​នោះ អ្នកជិតខាងលោកព្រាប សុវត្ថិ បាន​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​ជាមួយ​លោក ព្រាប សុវត្ថិ មាន​៤ចំណុច គឺ ឈប់ឲ្យលោក ព្រាប សុវត្ថិ​ ធ្វើ​របង​បំពាន​លើផ្លូវ​សាធារណៈ, ឈប់ធ្វើ​រោង​ឈើ​បិទ​ផ្លូវ, ឈប់ចត​រថយន្តបិទ​ផ្លូវ ​ គ្មាន​សណ្ដាប់ធ្នាប់ និង​ឈប់រោទ៍​សំឡេង​រថយន្ត​លាន់​ខ្លាំង​ ដេក​ពួន​មិនបាន៕