(ភ្នំពេញ)៖ អតីតតារាចម្រៀងក្នុងផលិតកម្មរ៉ុក ខៀវ ដាឡិច ត្រូវបានទស្សនិកជនសង្កេតឃើញថា បច្ចុប្បន្ននៅតែបន្តការងារជាតារាចម្រៀង និងមានការគាំទ្រពីទស្សនិកជន មានវត្តមានចូលរួមក្នុង កម្មវិធីសិល្បៈតូចធំនានា។ ខណៈតារាចម្រៀងជំនាន់ថ្មី បានរះឡើងជាបន្តបន្ទាប់ ហាក់ធ្វើឲ្យទីផ្សារតារាស្រីដួងនេះ មិនសូវរីកមុខមាត់ខ្លាំងដូចមុនឡើយ។ ទន្ទឹមគ្នានេះ ពាក់ព័ន្ធនឹងអាជីពសិល្បៈ ព្រមទាំងអាថ៌កំបាំងផ្ទាល់ខ្លួនយ៉ាងណានោះ ខៀវ ដាឡិច និងមកបង្ហាញក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ ម្ចាស់បទ «ប្រពន្ធលួចលាក់» ដួងនេះ បានសាងស្នាដៃចម្រៀងជាច្រើន ដែលភាគច្រើនចេញមកសុទ្ធសឹងតែមានទស្សនិកជនគាំទ្រច្រើន។ ជាក់ស្តែងបទ «ប្រពន្ធលួចលាក់» ក្រៅពីត្រូវបានមហាជននិយមស្តាប់ហើយនោះ ថែមមានបន្សុលទុកនូវសារកោតសរសើរពីទឹកដមសំឡេង និងចម្ងល់ជាច្រើនតាមរយៈ Comment នៅពីក្រោមបទចម្រៀង។ ខណៈចម្ងល់ភាគច្រើន បានលើកឡើងថា តើចំណងជើងបទនេះ ត្រូវនឹងសាច់រឿងរបស់ម្ចាស់បទឬយ៉ាងណា?

ពាក់ព័ន្ធចម្ងល់នេះ ព្រមទាំងការងារសិល្បៈបច្ចុប្បន្នយ៉ាងណាហើយនោះ ខៀវ ដាឡិច និងមកបង្ហាញដល់ទស្សនិកជនឲ្យបានជ្រាបកាន់តែច្បាស់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នឹងធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង KhmerTalking នៅថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង៧៖០០ ដល់ម៉ោង៨៖០០ យប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោងដដែល៕

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)