(មែនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Kevin de Bruyne បាននឹងកំពុងតែស្ថិតក្នុងការមិនប្រាកដមួយ ដែលអាចមានវត្តមានក្នុងការប្រកួតប្រជែងរវាងក្រុម Manchester United ប៉ះក្រុម Manchester City ដែលជាការជួបគ្នារបស់ក្រុមដែលស្ថិតក្នុងទីក្រុងតែមួយនៃលីគកំពូលអង់គ្លេស Premier League 2019-2020 ជើងទី២ នៃសប្តាហ៍ទី២៩ នឹងធ្វើឡើងនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។

ខ្សែបម្រើប្រយុទ្ធ Kevin de Bruyne មានបញ្ហាប៉ះទង្គិចឆ្អឹងខ្នងក្នុងជំនួបដែល Man City យកឈ្នះ Aston Villa នៅវគ្គផ្តាច់ព្រ័ត្រ League Cup ខណៈការប្រកួតរវាងក្រុម Sheffield Wenesday ក៏មិនមានវត្តមានកីឡាករប៊ែលហ្ស៊ិកនេះដែរ។

សម្រាប់លោក Pep Guardiola បានលើកឡើងថា «លោកក៏មិនប្រាកដថា ខ្សែបម្រើ Bruyne នឹងត្រូវអវត្តមានរយៈពេលប៉ុន្មានថ្ងៃនោះទេ» គ្រាដែលក្រុម Man City បានបរាជ័យក្នុងលទ្ធផល ២-១ ក្នុងទឹកកីឡដ្ឋាន Etihad កាលជើងទី១ ក្នុងជំនួបដែលហៅថា (Derby) គ្រាដែល Man City កំពុងតែមាន ៥៧ពិន្ទុ និង Man Utd មាន ៤២ពិន្ទុនោះ៕