(កូរ៉េខាងត្បូង)៖ បើយោងតាមសារព័ត៌មានកូរ៉េខាងត្បូងបានចេញផ្សាយថា អតីតតារាចម្រៀងប្រុស Seungri ដែលធ្លាប់ពាក់ព័ន្ធជាមួយរឿងអាស្រូវផ្លូវភេទ ការកេងបន្លំ ស្នើឲ្យផ្តល់សេវាផ្លូវភេទ និងចែកចាយវីដេអូខុសច្បាប់ នៅក្នុងក្រុមជជែកកម្សាន្តនោះ នឹងចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

Seungri នឹងចូលបម្រើយោធានោជំរុំកងពលធំផ្នែកថ្មើរជើងលេខ៦ នៅតំបន់ Cheorwon ចាប់ពីថ្ងៃទី០៩ មីនា តទៅ។ បន្ទាប់ពីឆ្លងកាត់​វគ្គបណ្តុះបណ្តាលមូលដ្ឋានផ្នែកយោធា៥សប្តាហ៍រួចមក, Seungri នឹងត្រូវបំពេញភារកិច្ចឲ្យអស់ពីចិត្តជាមួយនឹងយោធាច្រើនរូបទៀត។ បច្ចុប្បន្ននេះ Seungri កំពុងជប់លៀងជួបជុំមិត្តភ័ក្ត មុនពេលចូលបម្រើយោធា។

គួរជម្រាបថា អតីតតារាប្រុសរូបនេះ ធ្លាប់បានពន្យាពេលចូលបម្រើយោធាកាលពីខែមីនា ឆ្នាំ២០១៩ ដើម្បីឲ្យប៉ូលីសបើការស៉ើបអង្កេតលើរូបលោក ពាក់ព័ន្ធនឹងរឿងអាស្រូវក្នុងក្លឹប Burning Sun និងរឿងដូចបានលើកឡើងខាងលើ។ យ៉ាងណាមិញ ដោយសារតែដីកាចាប់ខ្លួន Seungri ត្រូវបានចាត់ទុកថាមិនត្រឹមត្រូវ លោកមិនអាចពន្យាពេលចូលបម្រើយោធាទៀតឡើយ ដោយនឹងចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី០៩ ខែមីនាខាងមុខ៕