(ក្រុងឡុងដ៍)៖ នៅចាំបានថា ក្រុមខ្លាំងបិសាចក្រហម Manchester United ធ្លាប់បានហាលអាវក្រោមថ្មីជើងរបស់ Derby County ដោយ​បាល់ប៉េណាល់ទីកាត់សេចក្តីក្នុងពាន League Cup កាលពីរដូវកាលមុន មុនជួបគ្នាជាថ្មីទៀត ក្នុងពាន FA Cup យប់នេះ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

ទន្ទឹមគ្នានោះផងដែរ Derby កំពុងសំឡឹងរកកៅអីឡើងទៅវគ្គ ៨ក្រុមនៃពាន FA Cup ជាលើកដំបូងគិតចាប់តាំងពីរដូវកាលឆ្នាំ១៩៩៨-១៩៩៩ ដែលសុទ្ធសឹងតែបរាជ័យក្នុងវគ្គ ១៦ក្រុមនៃជុំទី៥ ទាំងអស់នាពេលកន្លងមក និងលេងមិនឈ្នះ Manchester United សោះ ពីប្រវត្តិជួបគ្នា ៨លើកមកនេះក្នុងពានរង្វាន់លំដាប់ទី២ អង់គ្លេសនេះ។

តែយ៉ាងណា ខ្សែប្រយុទ្ធចាស់វស្សា Wayne Rooney ដែលដើរតួជាគ្រូជំនួស និងកីឡាករ ១រូបក្នុងក្លឹប Derby County នឹងត្រូវតតាំង​ជាមួយអតីតក្លិបចាស់ដែលគេធ្លាប់លេង ១៣ឆ្នាំនៅទឹកដី Old Trafford និងឈ្នះពាន FA Cup ចុងក្រោយកាលឆ្នាំ២០១៦ កន្លងទៅដោយស្ថិតក្រោមការបង្វឹករបស់អ្នកចាត់ការ Louis van Gaal។

មួយវិញទៀត Manchester United ដែលធ្លាប់ឈ្នះពាន FA Cup ១២សម័យកាលផងនោះ មិនដែលធ្លាក់ក្នុងជុំទី៥ នៃពាន FA Cup នៃរយៈពេល ១០ឆ្នាំចុងក្រោយនេះ និងបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយផងដែរ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕