(ក្រុងឡុងដ៍)៖ ក្រុមមេឃខៀវ Manchester City បានឡើងទៅជួបក្រុមសារិកាព្រៃ Newcastle United ក្នុងវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់លំដាប់ទី២ របល់អង់គ្លេសរដូវកាល២០១៩-២០២០ បន្ទាប់ពីទម្លាក់ម្ចាស់ផ្ទះ Sheffield Wednesday ត្រឹមលទ្ធផល ១-០ ក្នុងវគ្គ ១៦ក្រុមនារាត្រីថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

ក្នុងនោះដែរ កាំភ្លើងធំ Arsenal ដែលជាក្រុមឈ្នះពាននេះ ១៣សម័យកាល ក៏នឹងធ្វើដំណើរទៅប្រជែងជាមួយក្រុម Sheffield United ខណៈតោខៀវ Chelsea ដែលជាក្រុមឈ្នះពាននេះនៅឆ្នាំ២០១៨ ក៏ត្រូវទៅជួបក្រុមកញ្រ្ជោងខៀវ Leicester City នាកីឡដ្ឋាន King Power និង Norwich City ក៏នៅរង់ចាំក្រុមឈ្នះរវាងក្រុម Manchester United ប៉ះក្រុម Derby County ដែលនឹងប្រជែងគ្នានាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

Norwich City ដែលបានយកឈ្នះក្រុម Tottenham Hotspur ៣-២ ដោយការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីក្រោយស្មើគ្នា ១-១ ក្នុងម៉ោង ៩០នាទីពេញ។

សម្រាប់ការប្រកូតវគ្គ ៨ក្រុមនេះនឹងចាប់ផ្តើមធ្វើឡើងនាថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២០ ខណៈកាលពីរដូវកាលមុនពាននេះបានធ្លាក់ទៅក្រុម Manchester City ក្រោយយកឈ្នះក្រុម Watford ក្នុងលទ្ធផលដល់ទៅ ៦-០ នៅកីឡដ្ឋាន Wembley៕