(ភ្នំពេញ)៖ លោក ចាន់ មករា ដែលគ្រប់គ្នាបានស្គាល់តាមរយៈការបកស្រាយចម្រៀង «ចាប់យំល្វើយៗ» កំពុងមានភាពល្បីល្បាញយ៉ាងខ្លាំង មួយរយៈ​ចុងក្រោយមកនេះ។ ថ្មីៗនេះ លោកបានបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា «ព្រះឥន្ទទាត់សី» ក្នុងទិវាវប្បធម៌៣មីនា។ តាមរយៈ​ការបកស្រាយចម្រៀងមួយនេះ គឺអង្រួនបេះដូងសម្តេចតេជោ ហ៊ុន សែន ឱ្យរំជើបរំជួល រហូតយកបាច់ផ្កាជូនលោក ចាន់ មករា ដែលកំពុងច្រៀងនៅលើឆាក។

សម្តេចតេជោ នាយករដ្ឋមន្ត្រី មិនត្រឹមតែយកផ្កាជូនលោក ចាន់ មករា ប៉ុណ្ណោះទេ សម្តេចក៏បាននៅធ្វើកាយវិការជាមួយលោក មករា រហូតដល់ចប់មួយបទនេះផងដែរ។ វត្តមានរបស់សម្តេចតេជោនៅលើឆាកតន្ត្រី នាំឱ្យអ្នកចូលរួមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងសិល្បករ សិល្បការិនី ទាំងចាស់ក្មេង បានទះដៃជាមួយសំណើចយ៉ាងកងរំពង។

ថ្លែងតាមរយៈបទសម្ភាសន៍ជាមួយ Fresh News និង KhmerTalking លោក ចាន់ មករា បានបង្ហាញចំណាប់អារម្មណ៍ថា លោកពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយបំផុត ព្រោះនេះជាលើកទី១ ដែលត្រូវបានសម្តេចផ្តល់កិត្តិយសបែបនេះ។

លោក ចាន់ មករា និយាយថា «ខ្ញុំពិតជានឹកដឹងស្មានថា ខ្លួនឯងធ្វើបានដល់ប៉ុណ្ណឹង។ អារម្មណ៍របស់ខ្ញុំពិត ពេលឃើញសម្តេចក្រោកឡើង ដើរមករកខ្ញុំកំពុងច្រៀងលើឆាក ខ្ញុំមានអារម្មណ៍តក់ស្លុតមែនទែន ភ័យផង អរផង រំភើបផង លាយឡំគ្នា សឹងតែអត់ចាំប៉ារូលបទចម្រៀង»

ជាមួយគ្នានេះ លោក ចាន់ មករា បានថ្លែងអំណរគុណខ្លាំងបំផុតដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។ លោកថា នេះជាមហាកិត្តិយសដ៏ធំធេង សម្រាប់លោកក្នុងមួយជីវិតនេះ។

គួរជម្រាបថា ក្នុងទិវាវប្បធម៌៣មីនា សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការគាំទ្រផងដែរ ចំពោះការយកបទខ្មែរសុរិន្ទមកច្រៀងឡើងវិញដូចជាបទ «ព្រះឥន្ទទាត់សី» និងបទ «ចាបយំល្វើយៗ» ជាដើម៕