(បរទេស)៖ បណ្តាអ្នកគាំទ្រមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា កំពូលតារាចម្រៀងអាមេរិកដ៏ល្បីគឺ Lady Gaga អាចនឹងចាប់ដៃសហការគ្នា ជាមួយតារាចម្រៀងស្រី Ariana Grand និងក្រុមតារា K-POP ដ៏ល្បី និងកំពុងពេញនិយម សម្រាប់មិត្តយុវវ័យគឺ BLACKPINK ក្នុងអាល់ប៊ុមថ្មីទី៦របស់នាង។ នេះបើយោងតាមការដកស្រង់ ការចេញផ្សាយពីសារព័ត៌មាន allkpop នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

អាល់ប៊ុមថ្មីទី៦ របស់ Lady Gaga មានឈ្មោះថា «Chromatica» ដែលត្រៀមនឹងបញ្ចេញនៅថ្ងៃទី១០ ខែមេសាខាងមុខនេះ។ កាន់តែពិសេស មានពាក្យចចាមអារ៉ាមថា តារាចម្រៀងស្រី Ariana Grand និង ក្រុមតារាចម្រៀងស្រី K-POP BLACKPINK ក៏នឹងមានវត្តមានក្នុងអាល់ប៊ុមថ្មី​របស់ Lady Gaga ផងដែរ។ រហូតមកទល់នឹងពេលនេះ ពាក្យចចាមអារ៉ាមនេះ ត្រូវបានចែករំលែកពេញបណ្តាញសង្គម។

គួរជម្រាបថា ពាក្យចចាមអារ៉ាមនេះបានលេចឡើង ក្រោយពេលដែលគេឃើញថា អ្នកដឹកនាំអាល់ប៊ុមរបស់ Lady Gaga គឺ Bloodpop បាន Followed Instagram របស់សមាជិកក្រុម BLACKPINK. រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានការបញ្ជាក់ ពីពាក្យចចាមអារ៉ាមខាងលើនៅឡើយទេថា វាជាការពិតដែរឬទេ។ យ៉ាងណាមិញ ក្រុមអ្នកគាំទ្ររបស់កំពូលតារាចម្រៀងខាងលើ រួមមានអ្នកគាំទ្ររបស់ Lady Gaga, Ariana Grand និង BLACKPINK សុទ្ធតែចង់ឲ្យវាក្លាយជាការពិត។ តួយ៉ាង ចម្ងល់នេះនឹងត្រូវបានបង្ហាញនៅថ្ងៃទី១០ មេសាខាងមុខនេះ បន្ទាប់ពីអាល់ថ្មីរបស់ Lady Gaga ត្រូវបានបញ្ចេញជាសាធារណៈ៕