(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ត្រូវបានចាប់ឆ្នោតប៉ះជើងខ្លាំងលំដាប់លេខ១ ពិភពលោក ប៊ែលហ្ស៊ិក ក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកអឺរ៉ុប UEFA Nations League 2020-2021 ជាមួយនឹងគូប្រជែង ២ក្រុមផ្សេងទៀត ដាណឺម៉ាក និងអុីស្លង់ដែលស្ថិតក្នុងពូល ២ ជាមួយគ្នា។

ក្នុងកម្មវិធីចាប់ឆ្នោតនៃពានរង្វាន់លីគអឺរ៉ុប រដូវកាលទី២ ដែលត្រូវបានធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីសនារាត្រីថ្ងៃ អង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០ ដោយមាន ៥៥ប្រទេស (ក្រុម) នៅទូទាំងទ្វីបអឺរ៉ុបចូលរួម ដោយចែកចេញជា ៤លីគ (A B C និង D)។

ក្នុងនោះដែរ អង់គ្លេស ត្រូវបានចាប់ឆ្នោតប៉ះក្រុមចាស់ដែលធ្លាប់ចាញ់នៅ FIFA World Cup 2018 ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ដែលជាការជួបគ្នាជាថ្មីទៀត ក្រោយពេលលេងមិនឈ្នះប៊ែលហ្ស៊ិកសោះ ពីប្រវត្តិជួបគ្នា ២ដងចុងក្រោយនេះ។

League A
ពូលទី១៖ ហូឡង់ អុីតាលី បូស្នី និងប៉ូឡូញ
ពូលទី២៖ អង់គ្លេស ប៊ែលហ្ស៊ិក ដាណឺម៉ាក និងអុីស្លង់
ពូលទី៣៖ ព័រទុយហ្គាល់ បារាំង ស៊ុយអែត និងក្រូអាត
ពូលទី៤៖ ស្វីស អេស្ប៉ាញ អ៊ុយក្រែន និងអាល្លឺម៉ង់។

League B
ពូលទី១៖ រ៉ូម៉ានី អៀរឡង់ខាងជើង ន័រវេស និងអូទ្រីស
ពូលទី២៖ អុីស្ត្រាអែល ស្លូវេនី ស្កុតឡេន និងសាធារណរដ្ឋឆេក
ពូលទី៣៖ ហុងគ្រី តួកគី ស៊ែប៊ី និងរុស្ស៊ី
ពូលទី៤៖ បុលហ្គារី សាធារណរដ្ឋអៀរឡង់ ហ្វាំងឡង់ និងវ៉េល។

League C
ពូលទី១៖ អាហ្សឺបៃហ្សង់ លិចសាំបួរ កោះស៊ែប និងម៉ុងតេនីក្រូ
ពូលទី២៖ អាម៉េនី អុីស្តូនី ម៉ាសេដូនី និងហ្សកហ្ស៊ី
ពូលទី៣៖ ម៉ូដូវ៉ា ស្លូវេនី កូសូវ៉ូ និងក្រិក
ពូលទី៤៖ កាហ្សាក់ស្ថាន លីទុយអេនី ប៊ែលឡារុស និងអាល់បានី។

League D
ពូលទី១៖ ម៉ាល់តា អង់ដូរ៉ា ឡាវី និងហ្វូរ៉ូអាយឡេន
ពូលទី២៖ សាំងម៉ារ៉ាំង លិចថិនស្ថាន និងហ្ស៊ីប្រាតា។

គួរបញ្ជាក់ផងថា ការប្រកួតសន្សំពិន្ទុក្នុងពូលនីមួយៗនឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ តទៅ៕