(សេអ៊ូល)៖ បងប្រុសរបស់អតីតតារា K-POP ស្រី Goo Hara បានរៀបចំពិធីខួបអាពាហ៍ពិពាហ៍២ឆ្នាំជាមួយភរិយា ជាមួយគ្នានេះលោកបាន បង្ហាញសារដ៏គួរឲ្យចាប់អារម្មណ៍មួយ មានខ្លឹមសារចង់ឲ្យប្អូនស្រីរបស់ខ្លួន គឺ Goo Hara ដែលស្លាប់ទៅហើយនោះ មកចាប់ជាតិជាកូនរបស់លោក ព្រោះពេលនេះភរិយាកំពុងមានផ្ទៃពោះ។

ពិតណាស់ តាមរយៈបណ្តាញសង្គមបងប្រុសរបស់ Goo Hara បានបង្ហោះរូបភាពរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងរូបភាពទារកក្នុងផ្ទៃរបស់ភរិយាលោក។ ក្នុងនោះតាមរយៈ Comment លោកបានអបអរចំពោះខួបពីរឆ្នាំនៃការរៀបការរបស់លោកជាមួយភរិយា ក៏ដូចជាថ្ងៃខួបកំណើតរបស់ភរិយា។ លើសពីនេះថែមទាំងមានសារទាក់ទងនឹងប្អូនស្រីរបស់លោក គឺ អតីតតារា K-POP ស្រី Goo Hara ដែលបានស្លាប់ទៅផងដែរ។

ក្នុងសាររបស់បងប្រុស Goo Hara បានខ្លឹមសារថា Goo Hara បានរងចាំមើលក្មួយដំបូងរបស់នាង ងួតទឹកឲ្យក្មួយ ជូនក្មួយទៅរៀន និងធ្វើជាមីងល្អសម្រាប់ក្មួយ។ បន្ថែមពីនេះ លោកបានបួងសួងសូមឲ្យ Goo Hara បានចាប់ជាតិឡើងវិញ ជាកូនស្រីរបស់លោក។

សាររបស់បងប្រុស Goo Hara បានធ្វើឲ្យទស្សនិកជនដែលធ្លាប់គាំទ្រតារារូបនេះពីមុនមក ស្ទើរទប់ទឹកភ្នែកពុំបាន ជាពិសេសបានបង្ហាញពីការស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់បងប្អូន Goo Hara ទៅកាន់នាង។ ទោះបីនាងស្លាប់ទៅហើយក៏ពិតមែន តែក្រុមគ្រួសារតារារូបនេះ នៅតែនឹករលឹកនាងដដែល។

គួរជម្រាបថា កាលពីចុងឆ្នាំ២០១៩ អតីតតារា K-POP ស្រីនាង Goo Hara ត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះរបស់នាង ខណៈមូលហេតុត្រូវបានគេសន្និដ្ឋានថា ដោយសារជំងឺបាក់ទឹកចិត្ត៕