(ភ្នំពេញ)៖ ក្រោយការតាមដានអាការៈជំងឺពីក្រុមគ្រូពេទ្យប្រចាំក្លឹបបានធ្វើការពិនិត្យឃើញថា នូរុណ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ ដោយគ្រាន់តែឈឺសន្លាក់ ជង្គង់ឆ្វេងរបស់ខ្លួន ដែលបានប៉ះទង្គិចប៉ុណ្ណោះ ហើយនឹងជាសះស្បើយវិញក្នុងរយៈពេល ២សប្តាហ៍ទៀត។

ការប្រកួតសប្តាហ៍ទី៣ នៃលីគកំពូលកម្ពុជា រវាងក្លឹបបឹងកេត ទល់នឹងណាហ្គាវើលដ៍ វេលាម៉ោង ៣៖៣០នាទីរសៀលនៅកីឡដ្ឋានខេមបូឌា អ៊ែវ៉េកាលពីថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅ កីឡាករ ម៉ាត់ នូរុណ បានទទួលរងរបួស បន្ទាប់ពីប៉ះទង្គិចជាមួយគូប្រកួតជាហេតុបណ្តាលឱ្យរូបគេត្រូវប្តូរចេញភ្លាម។

គួរដឹងដែរថា បច្ចុប្បន្ន នូរុណ បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយ បើទោះបីមិនទាន់អាចហាត់ខ្លាំងជាមួយក្រុម។ ចំពោះស្ថានភាពរបួសរបស់ខ្លួន កីឡាករវ័យ ២២ឆ្នាំរូបនេះនិយាយថា៖ «ខ្ញុំសោកស្តាយដែលមិនអាចជួយក្រុមដណ្តើមជ័យជម្នះក្នុងប្រកួតទល់នឹងណាហ្គាវើលដ៍ ដោយសាររបួស តែរបួសខ្ញុំមិនធ្ងន់ធ្ងរខ្លាំងទេ ឥឡូវនេះខ្ញុំអាចចូលហាត់តិចៗវិញបានធម្មតាហើយ តាមការណែនាំពីក្រុមគ្រូពេទ្យ ហើយការប្រកួតនៅសល់វែងឆ្ងាយទៀត ខ្ញុំនឹងព្យាយាម ដើម្បីជួយក្រុមក្នុងការប្រជែងពានរង្វាន់នានាក្នុងឆ្នាំនេះ»

សូមបញ្ជាក់ថា បង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ៣ប្រកួតកន្លងមកឱ្យបឹងកេត និងរកគ្រាប់បាល់ បាន១គ្រាប់ក្នុងជំនួប ១-១ ជាមួយអង្គរថាយហ្គឺរ កាលពីសប្តាហ៍ទី១កន្លងទៅ។ បឹងកេតឆ្លងកាត់ ៣ប្រកួតកន្លងមកនេះ ឈ្នះ១ដង និងស្មើ២ដង បានឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន៥ពិន្ទុ៕