(ភ្នំពេញ)៖ ទីបំផុតក្រុមការពារតំណែងជើងឯក ISI Dangkor Senchey បានស្គាល់បរាជ័យលើកដំបូង ក្នុងពានរង្វាន់ KW Cambodia League ហើយ បន្ទាប់ពីចាញ់ក្រុមចំណូលថ្មី TN Kandal ដោយលទ្ធផល ២-១ កាលពីចុងសប្ដាហ៍កន្លងទៅនៅទីលាន KMH Park ស្របពេលក្រុមខ្លាំងៗមួយចំនួន សុទ្ធតែបានបញ្ចប់ការប្រកួតជាមួយលទ្ធផលដ៏តានតឹង។

សូមរំឭកថា កាលពីឆ្នាំ២០១៩ ក្រុម ISI បានលើកពានពាក់កណ្ដាលអាជីពដ៏ចាស់វស្សានេះ ដោយមិនស្គាល់ពាក្យចាញ់ម្ដងឡើយ ក្រោយឆ្លងកាត់ ១៥ប្រកួត ឈ្នះ១៤ និងស្មើ១។ ឯដើមរដូវកាលថ្មី ឆ្នាំ២០២០ នេះ ២ប្រកួតដំបូង ពួកគេក៏ធ្វើបានល្អដែរ ដោយដណ្ដើមបានជ័យជម្នះផ្ទួនៗ និងរកបានគ្រាប់បាល់ជ័យជម្នះ ១៦គ្រាប់ឯណោះ មុនប្រកួតសប្ដាហ៍ទី៣ ចាញ់ក្រុម TN Kandal ទាំងប្រផិតប្រផើយខាងលើ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៣ នៃពាន KW Cambodia League លើកទី៩ កាលពីចុងសប្ដាហ៍កន្លងទៅវិញ ក៏មិនធម្មតាដែរ ក្នុងនោះក្រុមខ្លាំង Khmer United-A បានប្រកួតស្មើក្រុមចំណូលថ្មី មហាហង្សអលស្ដារ ១-១ ខណៈក្រុមក្មេងខ្ចី Sniper ក៏បានចែកគ្នា ១ពិន្ទុម្នាក់ជាមួយក្រុមប្រជុំដោយកីឡាករបរទេស Bayon Wanderers ដែរ ក្រោយប្រកួតដ៏ស្វិតស្វាញពេញ ៩០នាទីស្មើគ្នា ២-២។

ចំណែកក្រុម Avatar បានលត់ក្រុមពួកម៉ាក់យូណាយធីត ១៣-០ ដើម្បីរក្សាកៅអីកំពូលតារាង និងមាន ៩ពិន្ទុពេញស្មើក្រុម TN Kandal។ ក្រុម Riel Phnom Penh បានយកឈ្នះក្រុមយុវជនវត្តវ៉ារិន ៤-០។ ក្រុម Pitou FC យកឈ្នះក្រុមតាំងគោក ៧-២ និងក្រុម Mambo Phnom Penh បានស្គាល់ជ័យជម្នះលើកដំបូងដូចគ្នាលើក្រុម Khmer United-B ក្នុងលទ្ធផល ៨-៣៕