(កំពត)៖ ក្រុមហ៊ុន អេសស៊ីជី ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ាន ដោយរួមសហការជាមួយនឹងក្លិបបាល់ទាត់ ភ្នំពេញក្រោន បានចាប់ផ្ដើមយុទ្ធនាការហ្វឹកហ្វឺនកីឡាបាល់ទាត់ ឈ្មោះថា «SCG Kick & Share» ដែលឆ្នាំនេះនឹងប្រព្រឹត្តទៅនៅក្នុងខេត្តបី រួមមាន កំពត កំពង់ចាម និងរាជធានីភ្នំពេញ ។

ឲព្រឹត្តិការណ៍ហ្វឹកហ្វឺនបាល់ទាត់នេះ ធ្វើឡើងក្នុងគោលបំណងបណ្ដុះស្មារតីស្រឡាញ់កីឡា ជាពិសេសកីឡាបាល់ទាត់ នៅក្នុងចំណោមកុមារអាយុក្រោម១២ឆ្នាំ។

លោក សន សីហា នាយកផ្នែករ៉ែរបស់ក្រុមហ៊ុន SCG បានថ្លែងថា ជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមចំពោះសហគមន៍ ក្រុមហ៊ុនបានចាប់ដៃគូជាមួយក្លិបបាល់ទាត់ ភ្នំពេញក្រោន ដើម្បីលើកកម្ពស់កីឡានៅក្នុងសហគមន៍ តាមរយៈកម្មវិធីមួយ ឈ្មោះថា «SCG Kick & Share»។
លោក សន សីហា ថ្លែងយ៉ាងដូច្នេះថា «យើងចង់ឲ្យកុមារនៅក្នុងសហគមន៍របស់យើងមានស្មារតីចេះស្រឡាញ់កីឡា។ យើងចង់ឲ្យក្មេងៗជំនាន់ក្រោយ ធ្វើរឿងល្អៗសម្រាប់សង្គម និងជៀសវាងគ្រឿងញៀនដាច់ខាត»

នៅឯព្រឹត្តិការណ៍ហ្វឹកហ្វឺនបាល់ទាត់ដល់កុមារនៅខេត្តកំពត លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ ភ្នំពេញក្រោន បានលើកឡើងថា ភ្នំពេញក្រោន និងក្រុមហ៊ុន អេសស៊ីជី មានគោលដៅរួមមួយ ក្នុងការប្រើប្រាស់រូបភាពកីឡាដើម្បីបញ្ជូនសារទៅកាន់កុមារ និងយុវជន។

លោក លី ហៀង បញ្ជាក់ដូច្នេះថា «យើងជឿជាក់ថា កីឡានាំមកនូវសុខភាពល្អ ហើយក្មេងដែលឆ្លាត គឺក្មេងដែលមានសកម្មភាពច្រើន និងសកម្ម។ សារនៅថ្ងៃនេះ គឺថា តាមរយៈកីឡា តាមរយៈភ្នំពេញក្រោន យើងចង់ធ្វើជាគំរូល្អមួយដល់ក្មេងៗ»

កុមារាកុមារីប្រមាណជាង១០០នាក់ មកពីសាលារៀននៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត បានចូលរួមសកម្មភាពហ្វឹកហ្វឺនបាល់ទាត់ជាមួយកីឡាករ ដែលពួកគេចូលចិត្ត មកពីក្លិប ភ្នំពេញក្រោន ដែលក្នុងនោះរួមមាន កីឡាករលេចធ្លោ អន ចាន់ប៉ូលីន និងកីឡាករ សឿត បារាំង ផងដែរ ។

កីឡារទាំងពីររូបផ្ញើសារដូចគ្នា ទៅដល់កុមារដែលបានចូលរួម «ចូរយើងលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព និងជៀសវាងគ្រឿងញៀនឲ្យបានដាច់ខាត»។

កុមារា បន បញ្ញា ជាសិស្សាបឋមសិក្សាមកពីសាលារៀននៅក្នុងស្រុកបន្ទាយមាស ដែលបានចូលរួមនៅក្នុងសកម្មភាពហ្វឹកហ្វឺនបាល់ទាត់ ‘SCG Kick & Share’ បាននិយាយថា រូបគេមានសេចក្ដីរំភើបរីករាយណាស់ ដែលបានរៀនតិចនិកខ្លះៗពីកីឡាករអាជីព ព្រោះរូបគេចូលចិត្តលេងបាល់ទាត់នៅសាលា។

កុមារា បញ្ញា និយាយថា «ទៅថ្ងៃអនាគត ខ្ញុំក៏ចង់ក្លាយជាកីឡាករបាល់ទាត់មួយរូបដែរ»។

កម្មវិធីហ្វឹកហ្វឺនបាល់ទាត់ដល់កុមារ «SCG Kick & Share» ធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយក្រុមហ៊ុន អេសស៊ីជី សហការជាមួយក្លិប ភ្នំពេញក្រោន ។

គិតមកទល់នឹងពេលនេះ មានសិស្សានុសិស្សជាច្រើនពាន់នាក់ នៅតាមបណ្ដាខេត្តមួយចំនួន បានទទួលបទពិសោធន៍ពីសកម្មភាពហ្វឹកហ្វឺនបាល់ទាត់ទាំងនេះ។

កម្មវិធីនេះអាចរួមចំណែកគាំទ្រដល់កុមារដែលស្រឡាញ់កីឡាករបាល់ទាត់ អាចសម្រេចក្ដីសុបិនរបស់ពួកគេ ដើម្បីក្លាយខ្លួនជាតារាបាល់ទាត់នៅពេលអនាគត។

សម្រាប់ឆ្នាំនេះ ក្លិបភ្នំពេញក្រោន និងក្រុមហ៊ុន អេសស៊ីជី នឹងធ្វើសកម្មភាពហ្វឹកហ្វឺនបាល់ទាត់ «SCG Kick & Share» នេះនៅខេត្តកំពត ខេត្តកំពង់ចាម និងនៅរាជធានីភ្នំពេញ៕