(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅក្រុមបាល់ទាត់ Everton លោក Carlo Ancelotti ត្រូវបានចោទប្រកាន់ពីទង្វើដែលបានប្រព្រឹត្តខុស ទៅលើមន្ត្រីអាជ្ញាកណ្តាលក្នុងប្រកួតសប្តាហ៍ទី២៨ ជើងទី២ ទល់នឹងក្រុម Manchester United ដែលបញ្ចប់ត្រឹមលទ្ធផល ១-១ កាលពីសប្តាហ៍មុន នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

លោក Ancelotti បានប្រើកាយវិការ និងពាក្យសំដីខ្លាំងៗទៅលើលោក Chris Kavanagh ដែលជាមន្ត្រីអាជ្ញាកណ្តាលក្នុងការប្រកួតរវាងក្រុម Everton ប៉ះ Manchester United នៅកីឡដ្ឋាន Goodinson Park។ បញ្ហានេះបានកើតឡើងនៅពេលដែលលោក Ancelotti បានឡើងមកតវ៉ាខ្លាំងៗ រហូតទទួលបានកាតក្រហមបណ្តេញចេញពីទីលាន ចំពោះការកាត់សេចក្តីដែលមិនឲ្យគ្រាប់បាល់ ១គ្រាប់ដែលជាការស៊ុតរបស់ខ្សែប្រយុទ្ធ Dominic Calvert Lewin ដែលត្រូវបាន VAR បដិសេធថា «ជាបាល់ជំហរក្រៅល្បែង»

បច្ចុប្បន្នជុំវិញការប្រព្រឹត្តខុសនេះដែរ អ្នកចាត់ការសញ្ជាតិអ៊ីតាលីខាងលើនេះ ត្រូវបានពិន័យជាទឹកប្រាក់ប្រមាណ ៨ពាន់ផោន នៅពេលដែលលោកយល់ព្រមទទួលកំហុស ខណៈនឹងឡើងដល់ ១,២០០០ផោនទៀត នៅពេលពាក្យបណ្តឹងឡើងឧទ្ធរណ៍នោះ៕