(ភ្នំពេញ)៖ តារាចម្រៀង​ ប៊ុត សីហា និង​ សយ រតនា បានបញ្ចេញបទចម្រៀងចង្វាក់ ប្រជាប្រិយថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់ សម្រាប់អបអរឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។ ការបញ្ចេញបទចម្រៀងនេះដែរ គឺមុនពេលដែលពួកគេនឹងចេញទៅច្រៀងរាំ នៅប្រទេសអូស្ត្រាលីនាពេលឆាប់ៗខាងមុខនេះ។

ក្រោយពីបាត់មុខ ពីសិល្បៈមួយរយៈពេលខ្លី ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បានបង្ហាញមុខជាថ្មីក្នុង​ផលិតកម្ម មរតកមេឌៀជាមួយស្នាដៃបទចម្រៀងមនោសញ្ចេតនា ជាច្រើននិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។

ក្រោយបញ្ចេញបទចម្រៀងមនោសញ្ចេតនា តារាចម្រៀង​ ប៊ុត សីហា ក៏បានបញ្ចេញស្នាដៃបទចម្រៀងប្រជាប្រិយមួយចំនួន ​ជាពិសេសលោកទទួលបានឱកាស ពីអ្នកផលិតកម្មវិធីនៅប្រទេសអូស្ត្រាលី​ ដើម្បីឲ្យតារារូបនេះចេញទៅច្រៀង​ នៅលើទឹកដីនៃប្រទេសអូស្ត្រាលីជាលើកដំបូង​។ បទចម្រៀងរបស់ ប៊ុត សីហា ក្នុងផលិតកម្មមរតកមេឌៀ ដែលកំពុងទទួលបានការចាប់អារម្មណ៍មានដូចជាបទ «ឈប់ហៅខ្ញុំផឹកជាដើម» បទ​ «ខ្មាសគេពេញភូមិ» បទ «ប្តីពិកា» ជាដើម។ ប្រភពថា​ បើមិនមានការប្រែប្រួលទេ លោកក៏នឹងចេញទៅច្រៀងរួមគ្នាជាមួយតារាចម្រៀង សយ រតនា រួមទាំងតារាស្រី២រូបផ្សេងទៀត នៅអំឡុងមុនពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

​ប្រភពបន្តថា ពួកគេនឹងចំណាយពេលវេលា ចូលរួមអបអរសាទរកម្មវិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយប្រជាជនខ្មែររស់នៅរដ្ឋមួយចំនួន​ នៃប្រទេសអូស្ត្រាលី។ មានការលើកឡើង​ថា ពួកគេកំពុងសម្រុកបញ្ចេញស្នាដៃ បទចម្រៀងថ្មីៗជាច្រើន ពិសេសបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរ មិនតិចជាង១០បទទេ ខណៈនេះ​គឺជាលើដំបូង​ ដែលតារារូបនេះមានស្នាដៃបទចម្រៀងចង្វាក់ប្រជាប្រិយ​ ហើយបទទាំងនេះ ក៏នឹងនាំយកទៅច្រៀងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីផងដែរ។ បទ​ចម្រៀងដែលកំពុងទទួលបាន ការចាប់អារម្មណ៍ច្រើន ពីទស្សនិកជននោះគឺបទ «កំលោះកូនមួយ» ដែលជាបទចម្រៀងចង្វាក់កន្ទ្រឹម ខណៈ តារាចម្រៀង សយ រតនា ក៏ទទួលបានការចាប់អារម្មណ៍ លើបទចម្រៀងមួយចំនួនដូចជាបទ «ខ្មៅអន្តរជាតិ» និងបទ «រួញអស់ហើយឪ» ជាដើម។

គួរបញ្ជាក់​ថា ប៊ុត សីហា និង សយ រតនា នឹងបញ្ចេញបទចម្រៀងថ្មីៗរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រការកម្សាន្ត​របស់ទស្សនិកជន ហើយប្រសិនបើ មិនមាន​ការប្រែប្រួលទេតារាប្រុសទាំងពីររូប នឹងអាចនាំបទចម្រៀងផ្ទាល់ខ្លួនជាច្រើន បទច្រៀងជូនអ្នកគាំទ្រខ្លួនរាំលេងកម្សាន្ត នៅលើទឹកដីនៃប្រទេសអូស្ត្រាលីនោះ៕