(ក្រុងឡូងដ៍)៖ ក្រុមកាំភ្លើងធំ Arsenal បានឡើងទៅឈរចាំមុននៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup បន្ទាប់ពីទម្លាក់ក្រុមមកពី League One, Portsmouth ២-០ ក្នុងវគ្គ ១៦ក្រុម។

កីឡាករ Papastathopoulos រកបានគ្រាប់បើកឆាកនៅនាទីទី៤៥+៤ មុនពេលមិត្តរួមក្រុម Nketiah រកបានគ្រាប់ទី២ នៅនាទីទី៥១ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី គ្រាដែលអ្នកចាត់ការទូទៅ Mikel Arteta ដែលបានប្រើកីឡាករយុវជនអាយុក្រោម ២០ឆ្នាំមានដល់ទៅ ៦នាក់ផងដែរ។

នេះក៏ជាការស្តារមុខមាត់បានវិញផងដែរ បន្ទាប់ពី Arsenal បានជ្រុះចេញពីព្រឹត្តិការណ៍ UEFA Europa League ក្រោមថ្វីជើងរបស់ Olympicos កាលពីរាត្រីថ្ងៃព្រហស្បតិ៍ក្នុងវគ្គ ៣២ក្រុមចុងក្រោយ។

កាំភ្លើងធំ Arsenal ជាក្រុម១ជោគជ័យក្នុងពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup នេះ ដោយធ្លាប់គ្រងតំណែងជើងឯកពានជារៀងរាល់ឆ្នាំនេះមានដល់ ១៣ដងច្រើនជាងគេ៕