(ភ្នំពេញ)៖ បន្ទាប់ពីក្រុមណាហ្គាវើលដ៏ បានប្រកួតស្មើក្រុមម្ចាស់ផ្ទះបឹងកេត ១-១ លោក មាស ចាន់ណា បានលើកឡើងថា លទ្ធផលនេះគឺជាសំណាង ប៉ុន្ដែលោកបានសម្ដែងការពេញចិត្តខ្លាំង ចំពោះទម្រង់លេងរបស់កូនក្រុម ដែលធ្វើបានយ៉ាងល្អក្នុងការប្រកួតសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០។

គ្រូបង្វឹកវ័យក្មេងរូបនេះបាននិយាយថា «ពាក់ព័ន្ធនឹងលទ្ធផលស្មើគ្នាថ្ងៃនេះ ចំពោះខ្ញុំ ខ្ញុំគិតថាជាសំណាង។ ដូចយើងឃើញស្រាប់ហើយ ឱកាសយើងទាត់ចូលប៉ុន្មានបាល់ យើងទាត់អត់ចូល អញ្ចឹងវាអត់សំណាង។ បើទាក់ទងសំណាងខ្ញុំគិតថា យើងប្រហែលជាអាចឈ្នះការប្រកួតនេះ»។ នេះបើតាមការថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតកាលពីថ្ងៃសៅរ៍។

ប៉ុន្ដែសម្រាប់ទម្រង់លេងរបស់កូនក្រុមវិញ លោកបានសរសើរថា «ការប្រកួតនេះ ខ្ញុំពិតជាសប្បាយចិត្ត ដោយឃើញកីឡាករខ្ញុំ គាត់ធ្វើបានល្អមែនទែន តាំងពីតង់ទី១ ដល់តង់ទី២ បានន័យថា អ្វីដែលយើងរៀបចំ គឺគាត់ធ្វើបានច្រើនមែនទែន...»។ បន្ថែមលើនេះលោក មាស ចាន់ណា បានដាក់ក្ដីរំពឹង នៅប្រកួតបន្ទាប់ កូនក្រុមខ្លួននឹងធ្វើបានកាន់តែល្អប្រសើរ បន្ទាប់ពីមានការស៊ាំ និងយល់ចិត្តគ្នាកាន់តែច្រើន។

គួរដឹងថា ក្រុមណាហ្គាវើលដ៏ ទើបឆ្លងកាត់បាន ២ប្រកួតប៉ុណ្ណោះ ដោយឈ្នះ១ និងស្មើ១ មាន ៤ពិន្ទុ តាមពីក្រោយក្រុមបឹងកេត ដែលឆ្លងកាត់ ៣ប្រកួត ឈ្នះ១ និងស្មើ២ មាន ៥ពិន្ទុក្នុងដៃ៕