(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា បានយកឈ្នះក្រុមសូលទីឡូអង្គរ ក្នុងលទ្ធផល ៧-១ នៃការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា នៃសប្តាហ៍ទី៣ ជើងទី១ ហើយគ្រាប់ជ័យជម្នះក៏រកបានដោយកីឡាករឆ្នើមចំនួន ៦នាក់ផងដែរ ដោយរួមមានខ្សែប្រយុទ្ធ រឹង ប៊ុនហៀង រកបាន ២គ្រាប់ម្នាក់ឯង បន្ទាប់ពីក្រុមសូលទីឡូអង្គរបានធ្វើការនាំមុខមុននៅតង់ទី១ មកនោះ។

ការប្រកួតនាថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០ នៃសប្តាហទី៣ នៃលីគកំពូលកម្ពុជា ក្រុមដែលមានអ្នកចាត់ការទូទៅលោក COLUM CURTS បានព្យាយាមវាយបកតាមស្មើ ក៏ដូចជារកបានគ្រាប់ជ័យជម្នះយ៉ាងអស្ចារ្យដល់ទៅ ៧គ្រាប់ ហើយគ្រូបង្វឹកខាងលើក៏បានលើកឡើងថា «សម្រាប់ការប្រកួតនេះ លោកពិតជាសរសើរទៅកូនក្រុមដែលបានព្យាយាមធ្វើបានល្អ» បើទោះបីជាត្រូវក្រុមសូលទីឡូអង្គរ ស៊ុតគ្រាប់នាំមុខមុន ១គ្រាប់ក៏ដោយ។

សម្រាប់លទ្ធផល ៧-១ ដែលមានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់កីឡាករ ៦នាក់ ដោយខ្សែប្រយុទ្ធ រឹង ប៊ុនហៀង រកបាននៅនាទីចុងម៉ោង៨១ និងនាទី៨៣ បានធ្វើឲ្យវិសាខា ឡើងទៅឈរលេខរៀងទី៤ ក្នុងតារាងពិន្ទុបណ្តោះអាសន្ន ដោយមាន ៦ពិន្ទុ ក្នុងចំណោម ៣ប្រកួត គ្រាដែលក្រុមសូលទីឡូអង្គរ នៅមិនទាន់ទទួលបានជ័យជម្នះនោះទេ និងបន្តឈរបាតតារាងគ្មានពិន្ទុរាប់ដដែល៕