(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់មេឃខៀវ Manchester City បានគ្រងតំណែងជើងឯកពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup (Carabao Cup) ចំនួន ៣សម័យកាលជាប់ៗគ្នាចុងក្រោយនេះ ជាមួយនឹងការយកឈ្នះគូប្រជែង Aston Villa ដែលជាសមាជិកនៅ Premier League ដូចគ្នាក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានជាតិអង់គ្លេស Wembley នារាត្រីថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០ ក្រុមរបស់លោក Pep Guardiola បានបើកការនាំមុខ ២គ្រាប់មុនតែម្តងត្រឹមនាទីទី២០ និងនាទីទី៣០ ដោយកីឡាករខ្សែប្រយុទ្ធ Sergio Aguero និង Rodri មុនពេល Samatta រកបានតែ ១គ្រាប់ឲ្យ Aston Villa នៅនាទីទី៤១ រហូតដល់ចប់ម៉ោង ៩០នាទីតែម្តង។

យ៉ាងណាក៏ដោយ League Cup នេះដែរ វាជាពានទី២ ក្នុងរដូវកាលនេះរបស់ Man City នារដូវកាលនេះ បន្ទាប់ពីលើកពាន FA Community Shield ដែលពួកគេឈ្នះ Liverpool កាលពីមុនថ្ងៃបើកឆាករដូវកាលថ្មីនាខែសីហា ឆ្នាំ២០១៩ កន្លងទៅ ហើយកជាពាន League Cup ឈ្នះលើកទី៤ ក្នុងចំណោម ៥ឆ្នាំចុងក្រោយរបស់ពួកគេដែរ។

ដូចគ្នានោះដែរ Manchester City នៅសល់ពាន ៣ផ្សេងទៀតដែលត្រូវប្រជែងនារដូវកាលនេះផងដែររួមមាន FA Cup និង UEFA Champions League បើទោះបីជាពាន Premier League ស្ទើរអស់សង្ឃឹមហើយក្តី៕