(ភ្នំពេញ)៖ បើទស្សនិកជននៅចាំមិនភ្លេច មួយរយៈចុងក្រោយនេះ មហាជនខ្មែរបានប្រតិកម្មជាបន្តបន្ទាប់ ជុំវិញខ្សែ ភាពយន្តភាគថៃរឿង «អសិរពិស» បានប្រើរូបព្រះឆាយលក្ខណ៍ សម្តេចព្រះរាជបុត្រី ព្រះរាម នរោត្តម បុប្ផាទេវី ដោយពុំបានទទួលសេចក្តីអនុញ្ញាតឲ្យប្រើប្រាស់។ តែយ៉ាងណា ពេលនេះក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ខាងលើ បានផ្ញើលិខិតមួយច្បាប់មកលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពន្យល់ និងស្នើសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនានេះ ។

តាមរយៈលោក ប៉ុក បូរក្ស ដែលជាប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងតាមរយៈបណ្តាញសង្គមថា «ក្នុងនាមនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំបាទមានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនទាំងអស់បានជ្រាបថា ក្រោយពីមានប្រតិកម្មជាបន្តបន្ទាប់ ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងភាពយន្តភាគទូរទស្សន៍ថៃ ចំណងជើង រឿង «អសិរពិស» ដែលបានប្រើប្រាស់រូបព្រះឆាយាល័ក្ខណ៍ របស់សម្តេចរាជបុត្រី ព្រះរៀមបុប្ផាទេវី ដោយពុំមានរាជានុញ្ញាត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការយ៉ាងជិតស្និតជាមួយស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា ដើម្បីស្វែងរកការស្រាយបំភ្លឺនានាជុំវិញបញ្ហានេះ។ ករណីនេះ ក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ខាងលើ បានផ្ញើលិខិតមួយច្បាប់ មកលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដើម្បីពន្យល់ និងស្នើសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនានេះ ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីបញ្ជាក់ការទទួលស្គាល់ចំពោះកំហុសឆ្គងដោយអចេតនានេះ និងស្នើសុំការព្រះរាជទានទោស ពីសម្តេច​ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទៅផងដែរ»។

«សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាប។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណជាថ្មីម្តងទៀត ជូនចំពោះសាធារណជន ពិសេសយុវជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងរួមចំណែកថែរក្សាការពារសិល្បៈ វប្បធម៌ជាតិយើង»។ នេះជាការបញ្ជាក់របស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត។

តាមរយៈលិខិតប៉ុន្មានច្បាប់ពីសំណាក់ភាគីថៃ ផ្ញើមកកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានខ្លឹមសារពន្យល់ និងសុំអភ័យទោសនេះផងដែរ បានធ្វើឲ្យ​ប្រជាពលរដ្ឋខ្មែរ មានការស្ងប់ចិត្ត និងរីករាយចំពោះការទទួលខុសត្រូវរបស់ក្រុមហ៊ុនថៃ។ ដែលនេះបានបង្ហាញថា ការប្រតិកម្មរបស់មហាជនខ្មែរ គឺមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ភាគីពាក់ព័ន្ធ៕