(ភ្នំពេញ)៖ លើកឡើងក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារឆ្នាំ២០២០ របស់ NOCC នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានការចូលរួមពីគណៈកម្មាធិការប្រតិបត្តិ NOCC, មន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហព័ន្ធកីឡាជាតិ លោក ថោង ខុន ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានស្នើឲ្យមន្ដ្រីកីឡាគ្រប់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ពិសេសសហព័ន្ធកីឡាជាតិ ត្រូវបញ្ឈប់ទស្សនៈអវិជ្ជមានមួយចំនួន ដែលរាំងស្ទះដល់ការអភិវឌ្ឍវិស័យកីឡាជំនាញកម្រិតខ្ពស់ ដូចជាការចាំមើលបំណាំគ្នា ការបន្ទោសគ្នា និងការដាក់សម្ពាធលើគ្នា ដោយខ្វះការទទួលខុសត្រូវជាដើម។

លោកក៏បានជំរុញឲ្យមន្ដ្រីកីឡាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវហ៊ានលើនូវបញ្ហាប្រឈម ហ៊ាននិយាយ និងហ៊ានបង្ហាញនូវការពិត ដើម្បីធានាការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ឲ្យមានប្រសិទ្ធភាព និងទទួលបានផ្លែផ្កាល្អប្រសើរ តាមរយៈការអនុវត្តអភិក្រមដ៏ពិសិដ្ឋរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺការឆ្លោះកញ្ចក់ ងួតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។ ហើយ ចាប់ពីពេលនេះតទៅ គ្រប់ភាគីទាំងអស់ ត្រូវចុះសម្រុងគ្រប់ការងារ ឈប់បន្ទោសគ្នា ឈប់ចាំមើលបំណាំគ្នា ឈប់ដាក់សម្ពាធលើគ្នា ហើយត្រូវដឹកដៃគ្នាចុះប្រឡូកការងារជាមួយគ្នា ដោះស្រាយបញ្ហាទល់មុខគ្នា យកគោលការណ៍សម្របសម្រួលជាធំ ក្នុងស្មារតីកីឡាតែមួយ សម្លេងកីឡាតែមួយ ទស្សនៈកីឡាជំនាញតែមួយ ដើម្បីសម្រេចនូវកាឡានុវត្តភាពថ្មី សម្រាប់កីឡាជំនាញកម្រិតខ្ពស់កម្ពុជា ។

«ការកែទម្រង់ គឺអាចរស់ ៩៩% ស្លាប់តែ ១% ប៉ុណ្ណោះ តែបើមិនកែទម្រង់ គឺស្លាប់ ៩៩% រស់តែ ១% ក៏ប៉ុន្ដែការកែទម្រង់អាចជោគជ័យបាន ទាល់តែមានការចូលរួមដោយស្ម័គ្រចិត្ត និងលះបង់អត្ថប្រយោជន៍ផ្សេងៗ ដែលជាប់ជំពាក់ពីមុន ហើយជះឥទ្ធិពលមិនល្អ ប៉ះពាល់ដល់ដំណើរការកំណែទម្រង់ និងរាំងស្ទះដល់ការអភិវឌ្ឍន៍ជំនាញកីឡាកម្រិតខ្ពស់» ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ដ្រី ថោង ខុន ។

គួរបញ្ជាក់ថា មហាសន្និបាតខាងលើ គ្រោងប្រព្រឹត្តទៅ ១ថ្ងៃពេញ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ។ ក្នុងនោះថ្នាក់ដឹកនាំ NOCC បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលសម្រេចបានក្នុងឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការអនុវត្តផែនការមេស៊ីហ្គេម ឆ្នាំ២០២៣ ការប្រកួតលើឆាកអន្ដរជាតិ និងកម្មវិធីអភិវឌ្ឍន៍កីឡាជាតិផ្សេងៗ ។ មិនតែប៉ុណ្ណោះ ក៏មានការបញ្ចេញមតិមួយចំនួន ក្នុងស្មារតីកីឡាជាតិតែមួយ ដើម្បីពង្រឹង និងអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕