(ភ្នំពេញ)៖ ដោយសារខ្សែប្រយុទ្ធឆ្នើម ៣រូប រួមមាន ចាន់ វឌ្ឍនាកា, ម៉ាត់ នូរុណ និង សៀង ចន្ធា បានស្ថិតក្នុងទ្រនំតែមួយ បានធ្វើឲ្យក្រុមបឹងកេតក្លាយជាក្រុមមានតំបន់ប្រយុទ្ធរឹងមាំលើគេ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើលដ៏។

ការអះអាងបែបនេះ គឺស្របពេលក្រុមណាហ្គាវើលដ៏ ត្រូវប៉ះក្រុមម្ចាស់ផ្ទះបឹងកេតក្នុងសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជានៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នាថ្ងៃទី២៩ ខែកុម្ភៈស្អែក។ ប៉ុន្ដែលោក មាស ចាន់ណា ហាក់មិនសូវបារម្ភនោះទេ ដ្បិតលោកជឿជាក់លើកូនក្រុមខ្លាំង ដែលកំពុងផ្ដោតអារម្មណ៍ និងមានទំនុកចិត្តខ្លាំងក្នុងការប្រកួតដ៏សំខាន់នេះ។

គ្រូបង្វឹកកម្រិត A-License រូបនេះបាននិយាយថា «ជួបបឹងកេតស្អែកនេះ មិនងាយស្រួលទេ ដោយសារកីឡាករថ្មីៗបឹងកេត សុទ្ធតែមានគុណភាព។ និយាយពីខ្សែប្រយុទ្ធ ៣នាក់ខាងលើ សឹងតែលើគេក្នុងស្រុកខ្មែរ...។ ធម្មតាប្រយុទ្ធគេខ្លាំង ខ្ញុំត្រូវការប្រយុទ្ធខ្លាំងដែរ ព្រោះបើប្រយុទ្ធគេខ្លាំង គេប្រហោងក្រោមហើយ ចឹងខ្ញុំអត់ត្រូវការផ្ដោតតែការការពារនោះទេ ខ្ញុំត្រូវការប្រយុទ្ធឲ្យខ្លាំងដូចគ្នា»

ក្រឡេកមកចាប់អារម្មណ៍ ២ប្រកួតដំបូងរបស់ក្រុមបឹងកេត ចាន់ វឌ្ឍនាកា, ម៉ាត់ នូរុណ និង សៀង ចន្ធា សុទ្ធតែត្រូវបានដាក់ឲ្យលេងរួចមកហើយ ពិសេសជំនួបជាមួយវិសាខា ដែលពួកគេបានលេងជម្រើស ១១នាក់ដំបូង និងបានរួមចំណែកជួយក្រុមយកឈ្នះក្រុមភ្ញៀវ ១-០ ទៀតផង។ គេជឿថា ប៉ះណាហ្គាវើលដ៏ អ្នកទាំង៣ ក៏នឹងបន្ដពួតដៃគ្នាប្រជែង ៣ពិន្ទុជាមួយក្រុមលោក មាស ចាន់ណា ផងដែរ៕